ចក្រភពអង់គ្លេសព្រមាន «ចាត់វិធានការផ្ទាល់» ជុំវិញការវាយប្រហារនៅតំបន់សមុទ្រក្រហម


(ឡុងដ៏)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤ បានអោយដឹងថា រដ្ឋមន្ត្រីការពារជាតិ លោក Grant Shapps បាននិយាយកាលពីថ្ងៃ ចន្ទសប្តាហ៍នេះថា ចក្រភពអង់គ្លេស «មានឆន្ទៈចាត់វិធានការដោយផ្ទាល់» ប្រឆាំងនឹងក្រុមហ៊ូទី គាំទ្រដោយអ៉ីរ៉ង់នៅក្នុងប្រទេសយេម៉ែន ដែលបានធ្វើសកម្មភាពវាយប្រហារម្តងហើយម្តងទៀត មកលើកប៉ាល់ពាណិជ្ជកម្មនៅតំបន់សមុទ្រក្រហម។

លោក Grant Shapps បានបញ្ជាក់តាមកាសែត Daily Telegraph យ៉ាងដូច្នេះថា «យើងក៏មិន ស្ទាក់ស្ទើរក្នុងការចាត់វិធានការបន្ថែម ដើម្បីទប់ស្កាត់ការគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាច រណ៍ នៅឯសមុទ្រក្រហម។ ក្រុមហ៊ូទីមិនគួរសង្ស័យចំពោះការប្តេជ្ញាចិត្តរបស់យើង ដែលថានឹងធ្វើឲ្យ អ្នកប្រព្រឹត្តអាក្រក់ទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួននោះឡើយ»

ដោយពិពណ៌នាពីស្ថានភាពក្នុងតំបន់ថា ជាការសាកចិត្តសហគមន៍អន្តរជាតិលើការពារដែនទឹក អន្តរជាតិ លោក Grant Shapps បានបន្ថែមថា «ប្រសិនបើយើងមិនការពារសមុទ្រក្រហមទេ វាហាក់បីដូចជាយើងកំពុងប្រថុយនឹងការគំរាមកំហែងនៅឯកន្លែងផ្សេងទៀត រួមទាំងសមុទ្រចិនខាង ត្បូង និងតំបន់គ្រីមៀ។ យើងត្រូវតែឈរនៅជាមួយសម្ព័ន្ធមិត្ត ប្រកបដោយជំនឿចិត្ត និងការពារ មនុស្សស្លូតត្រង់ដែលត្រូវជាប់ក្នុងសកម្មភាពទាំងនេះ»។

គួរបញ្ជាក់ថា ការព្រមានរបស់ទីក្រុងឡុងដ៍ ធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងនៅចំណុច ផ្លូវដឹកជញ្ជូនដ៏សំខាន់មួយនេះ ដោយឧទ្ធម្ភាគចក្រកងទ័ពជើងទឹកអាមេរិក ទើបនឹងបានបាញ់ផ្លោង ទៅលើក្រុមហ៊ូទី ដែលព្យាយាមឡើងលើកប៉ាល់ដឹកទំនិញកាលពីចុងសប្តាហ៍មុន។ ប៉ុន្មានម៉ោងបន្ទាប់ពីមានឧប្បត្តិហេតុថ្មីចុងក្រោយនោះ លោក Shapps បានប្រកាសថា ចក្រភព អង់គ្លេសអាចបង្កើនការធ្វើអន្តរាគមន៍យោធា ខណៈដែលនាវាចម្បាំងរបស់ខ្លួនធ្លាប់បាញ់ទម្លាក់ យន្តហោះដ្រូនរបស់ក្រុមហ៊ូទី កាលពីពាក់កណ្តាលខែធ្នូ រួចមកហើយ៕