មេដឹកនាំបក្សប្រឆាំងធំបំផុត នៅកូរ៉េខាងត្បូង ត្រូវបានគេចាក់នឹងកាំបិតត្រូវចំក អំឡុងធ្វើទស្សនកិច្ចក្នុងទីក្រុង Busan


(សេអ៊ូល)៖ មេដឹកនាំគណបក្សប្រឆាំងធំបំផុតមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង លោក Lee Jae-myung បានរងការវាយប្រហារដោយការចាក់នឹងកាំបិត នៅថ្ងៃអង្គារ ទី២ ខែមករានេះ អំឡុងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកំពង់ផែប៊ូសាន (Busan) ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។


តាមទីភ្នាក់ងារព័ត៌មាន Yonhap លោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងធំបំផុតរបស់កូរ៉េខាងត្បូង ត្រូវបានចាក់ដោយកាំបិត នៅចំផ្នែកខាងឆ្វេងនៃក របស់លោក អំឡុងឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ក្រោយធ្វើទស្សនកិច្ចបែបទេសចរណ៍ទៅកាន់ការដ្ឋានសាងសង់ អាកាយានដ្ឋានថ្មីមួយកន្លែង នៅលើកោះ Gadeok នៃទីក្រុង Busan។
ក្រោយការវាយប្រហារកើតឡើង ជនដៃដល់ជាបុរសម្នាក់ត្រូវបានចាប់ខ្លួនភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ប៉ុន្តែស្ថានភាពរបស់លោក Lee មិនទាន់មានការបញ្ជាក់ឡើយ ខណៈ រូបភាពត្រូវបានចេញផ្សាយនៅលើសារព័ត៌មានក្នុងស្រុក បង្ហាញថារូបលោកដេកបិទភ្នែកស្ដូកស្ដឹងនៅលើដី ហើយមនុស្សនៅជុំវិញយកកូនកន្សែង ខ្ទប់ឈាមហូរចេញពីករបស់លោក និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមួយ៕