សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើសិនជាសង្គ្រាមនៅកម្ពុជាមិនបញ្ចប់ តើមានមនុស្សប៉ុន្មាននាក់ទៀត ត្រូវស្លាប់?


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទជាសំណួរថា បើសិនជាសង្គ្រាមមិនទាន់ចប់ទេ តើមានមនុស្សប៉ុន្មាននាក់ទៀតដែលត្រូវស្លាប់ និងរបួស ហើយ តើថ្នាក់ដឹកនាំនាយទាហានប៉ុន្មាននាក់ ដែលអាចបាត់បង់ជីវិត? ហើយតើស្ត្រីប៉ុន្មាននាក់ កូនប៉ុន្មាន នាក់ ក្លាយទៅជាស្ត្រីមេម៉ាយកូនកំព្រា?

ការថ្លែងបែបនេះរបស់សម្ដេចធិបតី ធ្វើឡើងក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ នៃការ កសាងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ នៅបរិវេណវិមានឈ្នះ-ឈ្នះ ស្ថិតនៅ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «បើសិនជាសង្គ្រាមមិនទាន់ចប់ទេ តើប៉ុន្មាននាក់ អាចអវត្តមាននៅទីនេះដោយសារស្លាប់ និងរបួសបាត់ទៅហើយ តើថ្នាក់ដឹកនាំនាយទាហានរបស់ យើងនៅលើវេទិកានេះ ប៉ុន្មាននាក់ដែលអាចបាត់បង់ជីវិតរួចទៅហើយមិនបាននៅទីនេះ ហើយតើ ស្ត្រីប៉ុន្មាននាក់ កូនប៉ុន្មាននាក់ ក្លាយទៅជាស្ត្រីមេម៉ាយកូនកំព្រារួចទៅហើយ? តើមានឱកាសទេដែលនាយទាហានរបស់យើងពីភាគីផ្សេងៗគ្នាជួបគ្នា។ ខ្ញុំឧស្សាហ៍ជួបជាមួយនាយទាហានរបស់យើង ដែលពីមុនម្ខាងទៅរដ្ឋកម្ពុជា ម្ខាងនៅអតីតខ្មែរក្រហម គាត់បានជជែកគ្នាពីបទពិសោធន៍ប្រយុទ្ធ ដែលពេលនោះកំពុងធ្វើផែនការសម្លាប់គ្នាទៅវិទៅមក ឥលូវគាត់នៅអង្គុយជាមួយគ្នា ធ្វើផែនការការពារជាតិជាមួយគ្នា»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នាយទាហាន យោធិន នគរបាលជាតិសុទ្ធតែអ្នកដែល ត្រូវចូលប្រយុទ្ធនៅពេលដែលមានសង្គ្រាមកន្លងមក ដែលពេលនោះយើងមាន A3 ផងដែរ ហើយ តែអស់កម្លាំងកងទ័ព គឺចូលប្រយុទ្ធគ្រប់ភាគីទាំងអស់គ្រប់។ ជាក់ស្តែងពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមគេឧស្សាហ៍ដាក់រូបទាហានខ្មែរក្រហមម្នាក់ ស្ពាយកាំភ្លើងអូសដី ដោយសារពេលអស់កងទ័ពគឺមនុស្សគ្រប់អាយុទាំងអស់ ក្នុងការចូលរួមប្រយុទ្ធដែលនេះហើយគឺ ជាសង្គ្រាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គ្មានផលអីពីសង្គ្រាមនៃការកាប់សម្លាប់គ្នាទេនោះទេ ហើយជាពិសេសសង្គ្រាមសម្លាប់ខ្មែរគ្នាឯង ប៉ុន្តែផលធំណាស់នៃសន្តិភាពយើងអាចវាស់បាន ប៉ុន្តែ អ្វីដែលវាយើងមិនអាចវាស់បាន ស្មានត្រូវ គឺផលអវិជ្ជមានដែលអាចកើតមានដោយសារសង្គ្រាម មិនទាន់ចប់ គឺនឹងមានមនុស្សជាច្រើននាក់ទៀតនឹងត្រូវស្លាប់ជាបន្តបន្ទាប់។ ដោយសារយើងបញ្ចប់សង្គ្រាមទើបធ្វើឱ្យនាយទាហាន ពលទាហាន មានឱកាសរួមគ្នានៅទីនេះ ដោយគ្មានបែងចែកភាគីខុសគ្នា ដើម្បីរួមគ្នាប្ដេជ្ញាចិត្តការពារសុខសន្ដិភាពស្ថិរ ប្រជាពលរដ្ឋរបស់ យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដែរថា សម្តេចបានទៅប្រកាសខេត្តអស់មីនច្រើន ហើយមកដល់ពេលនេះមានខេត្តអស់មីនជាងពាក់កណ្ដាលទៅហើយ បើសិនជាមិនទាន់មាន នយោបាយឈ្នះឈ្នះ បញ្ចប់សង្គ្រាមនៅឆ្នាំ១៩៩៨ សួរថាតើខេត្តប៉ុន្មានហើយប្រកាសអស់មីន? គឺច្បាស់ណាស់មិនអស់មីននោះទេ គឺមានតែអាចកើតមានឡើងថែមទៀត ហើយប្រជាពលរដ្ឋនឹង នៅតែបន្តស្លាប់កើនឡើងថែមទៀតមិនទាន់បញ្ចប់ទេ។

សម្តេចធិបតី បានគូសបញ្ជាក់ដែរថា ជោគជ័យដ៏ធំបំផុតគឺការធ្វើសមាហរណកម្មកងទ័ពអតីត៤ភាគី មកនៅត្រឹមតែមួយភាគី នេះជាកងទ័ពតែមួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ហើយការបង្រួបបង្រួម និងការទាញនូវភាគីទាំងអស់ បញ្ចូលគ្នាគឺជាកិច្ចការសំខាន់ហើយត្រូវតែថែរក្សា, ការឯកភាពទឹកដី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា, ការប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឲ្យ ក្លាយទៅជាតំបន់អភិវឌ្ឍន៍ នេះគឺជាសារសំខាន់៕