រដ្ឋបាលខេត្តកោះកុង បានប្រកាសចូលកាន់មុខតំណែងប្រធានពន្ធនាគារថ្មី

កោះកុង÷ រដ្ឋបាលខេត្ត​កោះកុង​ បាន​បើក​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ប្រធាន​ពន្ធនាគារ​ខេត្តកោះកុង​ថ្មី ក្រោម​អធិបតី ឯកឧត្ដម ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ​១ ឈន សា​ណាត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ និង​ឯកឧត្តម ថុង ណា​រុង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កោះកុង លោក ជំទាវ មិថុនា ភូថ​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង នៅរសៀលថ្ងៃទី ៣ មករា ឆ្នាំ ២០២៥ នៅ​សាល​មហោស្រព​ខេត្ត​កោះកុង​។

ថ្លែងក្នុងពិធីប្រកាសតែងតាំងមុខតំណែង​ឯកឧត្ដម ឧត្តម​អគ្គានុរក្ស​ថ្នាក់លេខ​១ ឈន សា​ណាត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់​មន្ត្រីពន្ធនាគារខេត្តកោះកុង ត្រូវ​ខិតខំ​បំពេញ​កការងារ គោរពតាមឋានានុក្រម មុខងារ តួនាទីភារកិច្ច ដែលថ្នាក់លើនិងអង្គភាពប្រគល់ជូន ត្រូវប្រកាន់ភ្ជាប់នៅគោលការណ៍ វិជ្ជាជីវៈ គុណភាព ប្រសិទ្ធផល ភាពស្មោះត្រង់ ក្រោមសីលធម៌ និងបទវិន័យមន្ត្រីពន្ធនាគារ។
ពង្រឹងការគោរពអនុវត្តច្បាប់ នីតិវិធីបទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងលិខិតបទដ្ឋានពាក់ព័ន្ធនានាដែលបម្រើដល់ការងារដឹកនាំគ្រប់គ្រងនិងផ្នែកជំនាញនិមួយៗ។
ពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាពប្រសិទ្ធភាព ត្រួតពិនិត្យឆែកឆេឧបករណ៍វត្ថុសម្ភារៈ ហាមឃាត់ ដែលប៉ុនប៉ងលួចលាក់ ទាំងនាំចូលក្នុងពន្ធនាគារ ស៊ើបអង្កេតស្រាវជ្រាវ បង្ការទប់ស្កាត់អំពើល្មើសផ្សេងៗ ជាពិសេសទូរសព្ទដៃ និងគ្រឿងញៀន។

ឯកឧត្ត មឧត្តមអគ្គានុរក្សថ្នាក់លេខ ១ មានប្រសាសន៍បន្ថែមថា ប្រធានពន្ធនាគារ ថ្មី ត្រូវខិតខំបំពេញការងារដោយ​ស្មារតី​ទទួលខុសត្រូវខ្ពស់ សម្រេចបាន​នូវ​ស្នាដៃ និង​សមិទ្ធផល​ថ្មីៗ​បន្ថែម ទៀត ត្រូវ​ពង្រឹង​ឱ្យបាន​នូវ​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​ឱ្យបានល្អ ត្រូវមាន​ទំនាក់ទំនង​ជាមួយ​អង្គ​ភាព​នានា ជាពិសេស ស្ថាប័ន​តុលាការ ត្រូវគោរព តួនាទី​ខ្លួន​ឯង ត្រូវ​បន្ត​ខិតខំ​រក្សា សុវត្ថិភាព សុខភាព ជូន​ដល​ជន​ជាប់​ឃុំ សំដៅ​ប្រែក្លាយ ពន្ធនាគារ ទៅ​ជា​កន្លែង​អប់រំ និង​កែប្រែ​ស្តារនីតិសម្បទា ប្រកប​ដោយ​មនុស្សធម៌​  កន្លែង​មួយ​ដែល​មាន​សារៈសំខាន់​ សម្រាប់​អប់រំ កែប្រែ និង​ស្តារនីតិសម្បទា​ដល់​ជន​ជាប់​ឃុំ ដើម្បី​ធានា​ថា ពេល​ដែល​ពួកគាត់​ត្រឡប់​ទៅ​រស់នៅ​ក្ក្នុងសហគមន៍វិញ ក្លាយជា មនុស្ស​ល្អ មាន​ភាព​រាងចាល និង​កាត់បន្ថយ​បទល្មើស ជាពិសេស​ពន្ធនាគារ​ជា​កន្លែង​សម្រាប់​រក្សា​សុខ​សុវត្ថិភាព សុខភាព និង​មនុស្សធម៌ ស្រប​តាម​គោលការណ៍​អន្តរជាតិ ។​

លោក​.​ចាន់ ចំណាន ប្រធានពន្ធនាគារ​ទើប​ប្រកាស​តែងតាំង​ថ្មី បានធ្វើការ​ប្តេជ្ញាចិត្ត គោរព​និង​ប្រតិបត្តិ តាម​ច្បាប់​លិខិត​បទដ្ឋាន​គតិ​យុទ្ធ​នានា ពិសេស​គោរព គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​, ស្មោះស្ម័គ្រ​គោរព​ប្រតិបត្តិ តាម​គោល​ការ​របស់​ក្រសួង មហាផ្ទៃ​, រៀនសូត្រ​យក​គំរូ​ដឹកនាំ​គ្រប់គ្រង​ល្អៗ របស់​ថ្នាក់ដឹកនាំ​ពន្ធ​នាគារ​មុនៗ​ គួបផ្សំ​ជាមួយ​ចំណេះដឹង​បទពិសោធន៍ ផ្ទាល់​ខ្លួន​ផង​ដែរ៕ ដោយ សេន ពិសិដ្ឋ