(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសចុះត្រជាក់ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីជូនដំណឹងដែលទទួលបាននៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥។
ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា របបខ្យល់មូសុងឦសាន ដែលគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងព្រះរាជាណាចក្រកម្ពុជា មានឥទ្ធិពលខ្លាំង។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥៖
១៖ តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ និងត្បូងឃ្មុំ មានសីតុណ្ហភាពមធ្យមអប្បបរមា១៦°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យម ៥,៥០ម៉ែត្រ/វិនាទី។
២៖ តំបន់ខ្ពង់រាប៖ ខេត្តប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ ជួរភ្នំក្រវាញ និងជួរភ្នំដងរែក មានសីតុណ្ហភាពមធ្យមអប្បបរមា១៥°C និងសីតុណ្ហភាពមធ្យមអតិបរមា២៩°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។
៣៖ តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង និងជួរភ្នំបូកគោ មានសីតុណ្ហភាពមធ្យមអប្បបរមា១៨°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣០°C។ ខ្យល់បក់មកពីទិសឧត្តរ និងទិសឦសាន មានល្បឿនមធ្យម ៤,៥០ ម៉ែត្រ/វិនាទី។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់សាធារណជន ប្រជានេសាទ និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺឈឺថ្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ។
ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បី ជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕