FBI ស៉ើបអង្កេតលើភាពជាប់ពាក់ព័ន្ធគ្នា នៃករណីឆេះរថយន្ត Tesla Cybertruck និងករណីបើកបំបុកហ្វូងមនុស្សនៅ New Orleans

(វ៉ាស៉ីនតោ)៖ ក្រុមមន្រ្តីនិយាយថា ប៉ូលិស FBI កំពុងស៉ើបអង្កេតថា តើករណីផ្ទុះឆេះរថយន្ត Tesla Cybertruck នៅខាងក្រៅសណ្ឋាគាររបស់ លោក ត្រាំ ក្នុងទីក្រុង Las Vegas និងករណីរថយន្តបើកបំបុកហ្វូងមនុស្ស នៅឯទីក្រុង New Orleans សហរដ្ឋអាមេរិក ចំថ្ងៃឆ្លងឆ្នាំសកល មានពាក់ព័ន្ធគ្នាឬអត់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារ Reuters នៅថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ ២០២៥។

ធុងសាំង និងកាំជ្រួចដើមធំៗត្រូវបានដាក់ក្នុងរថយន្ត Cybertruck ដែលឆាបឆេះភ្លាមៗ បន្ទាប់ពីអ្នកបើកបរនៃរថយន្តនេះ បើករថយន្តភីកអាប់មួយគ្រឿងដោយចេតនា ចូលទៅក្នុងហ្វូងមនុស្សដែលកំពុងអបអរឆ្នាំថ្មី នៅផ្លូវ French Quarter ទីក្រុង New Orleans សម្លាប់មនុស្ស ១៥នាក់។ នាយកដ្ឋានប៉ូលិសក្រុង Las Vegas បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ជនសង្ស័យជាមនុស្សតែមួយ និងបានស្លាប់ក្នុងពេលឆេះរថយន្ត Cybertruck។

ភ្នាក់ងារពិសេសរបស់ FBI លោក Jeremy Schwartz បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា FBI កំណត់បានអត្តសញ្ញាណបុគ្គលជាអ្នកបើករថយន្តនេះហើយ ប៉ុន្តែមិនទាន់អាចបញ្ចេញជាសាធារណៈនោះទេ។ មកទល់នឹងថ្ងៃ​ព្រហស្បតិ៍​ FBI នៅមិន​ទាន់ឆ្លើយតបចំពោះ​សំណើ​សុំ​ព័ត៌មាន​បន្ថែម​ទេ​។

មេប៉ូលិសក្រុង Las Vegas លោក Kevin McMahill បានឱ្យដឹងថា ទាំងរថយន្ត Cybertruck និងរថយន្តដែលប្រើក្នុងការវាយប្រហារ នៅ New Orleans ត្រូវបានជួលពីកន្លែងថែទាំរថយន្ត Turo។ អ្នកនាំពាក្យ Turo និយាយថា ក្រុមហ៊ុនមិនជឿទេថា អ្នកជួលរថយន្តដែលសង្ស័យពាក់ព័ន្ធក្នុងការវាយប្រហារ នៅ Las Vegas និងនៅ New Orleans នោះ មានប្រវត្តិប្រព្រឹត្តបទល្មើស៕