(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៣នេះ
បានណែនាំឲ្យបន្តសិក្សាស្រាវជ្រាវ ពាក់ព័ន្ធដំណើរការ នៃការស្វែងរកសុខសន្តិភាព
និងការបិទបញ្ចប់សង្គ្រាមនៅកម្ពុជា។
ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុង ពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគ ជ័យ នយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សូមលើកទឹកចិត្ដឲ្យមានការបន្ដស្រាវជ្រាវ ចងក្រង នូវឯកសារពាក់ព័ន្ធនឹងនយោបាយឈ្នះ-ឈ្នះ និងដំណើរការពាក់ព័ន្ធនឹងការស្វែងរកសន្ដិភាព និងការបញ្ចប់សង្គ្រាមនៅកម្ពុជា»។
លើសពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យបន្តផ្សព្វផ្សាយ ខ្លឹមសារគោលនយោ បាយឈ្នះ-ឈ្នះ តាមរយៈការធ្វើសិក្ខាសាលាវេទិកាផ្សេងៗ ក៏ដូចជាបញ្ជ្រាបខ្លឹមសារប្រវត្ដិសាស្ដ្រ ពាក់ព័ន្ធនឹងនយោបាយ ឈ្នះ-ឈ្នះ ចូលនៅក្នុងកម្មវិធីសិក្សា ដើម្បីឲ្យសិស្សានុសិស្ស បានយល់ កាន់តែស៊ីជម្រៅ និងស្គាល់តម្លៃ នៃនយោបាយឈ្នះ-ឈ្នះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យបន្តស្រាវជ្រាវ និងរៀបចំវិមានឈ្នះ-ឈ្នះ នៅតាម បណ្ដាតំបន់សំខាន់ៗ ក៏ដូចជា រៀបចំតំបន់ប្រវិត្ដសាស្ដ្រយោធាសំខាន់ៗមួយចំនួន ដែលមានតម្លៃ សំខាន់ជាប្រវត្ដិសាស្ដ្រ សម្រាប់ជាតឹកតាងប្រវិត្ដសាស្ដ្រ និងសម្រាប់ការធ្វើទស្សនកិច្ចសិក្សា។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យយកចិត្ដទុកដាក់ ក្នុងការកៀរគរ និងស្វែង រកដៃគូ ក្នុងការកសាងថែទាំវិមានឈ្នះ-ឈ្នះ ដែលជានិមិត្តរូប នៃសន្តិភាពរបស់ប្រទេសកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បណ្តាសប្បុរសជន និងប្រជាពលរដ្ឋទាំងអស់ ដើម្បី ចូលរួម គាំទ្រដល់កិច្ចការងារនេះបន្តទៀត៕