(ប៉ារីស)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ ២០២៣ អោយដឹងថា ក្រុមមន្ត្រីការទូតបារាំង បាននិយាយថាបារាំងនឹងបិទស្ថានទូតរបស់ខ្លួនប្រចាំ ប្រទេសនីហ្សេ ជាទីដែលគំនិតប្រឆាំងបារាំងកំពុងកើនឡើង ចាប់តាំងពីមានរដ្ឋប្រហារកាលពី ខែកក្កដា ដ្បិតមិនអាចបំពេញបេសកកម្មការទូតរបស់ខ្លួន ដោយសារតែបុគ្គលិកទូតជាច្រើនបាន ចាកចេញពីប្រទេស មួយនេះក្រោយមានការវាយប្រហារលើស្ថានទូត។
ក្រុមមន្ត្រីការទូតបារាំង បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ថា «បន្ទាប់ពីមានការវាយប្រហារលើស្ថានទូតបារាំង កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ និងការដាក់ ពង្រាយកងកម្លាំងនីហ្សេបិទខ្ទប់នៅជុំវិញអគារស្ថានទូត បុគ្គលិកស្ថានទូតមួយភាគធំបានចាកចេញ ពីនីហ្សេកាលពីចុងខែកញ្ញា។ ក្រុមមន្រី្តទាំងនេះបានបន្ថែមដូច្នេះថា «ការចាកចេញនេះធ្វើឱ្យស្ថានទូតបារាំងក្នុងប្រទេសនីហ្សេ លែងអាចបំពេញ បេសកកម្មរបស់ខ្លួនបានតទៅទៀត ហើយផ្អែកលើស្ថាន ភាពបែបនេះ យើងបានសម្រេចចិត្តថានឹងបិទស្ថានទូតរបស់យើង។ ចំណែក បុគ្គលិកក្នុងស្រុក ត្រូវ បានបញ្ឈប់ និងទទួលបានសំណងជំងឺចិត្ត»៕