មន្ទីរបញ្ចកោណ៖ ប្រទេសច្រើនជាង ២០ ចូលរួមជាមួយក្រុមចម្រុះសមុទ្រក្រហម ដឹកនាំដោយសហរដ្ឋអាមេរិក


(វ៉ាស៉ីនតោន)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ថា មន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍ នេះថា សរុបមកទល់នឹងពេលនេះមានប្រទេសជាង ២០ហើយ ដែលចូលរួម ជាមួយក្រុមការងារ ចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីការពារការធ្វើពាណិជ្ជកម្មនៅតំបន់សមុទ្រក្រហម ពីការ វាយប្រហារពីសំណាក់ក្រុមហ៊ូទី នៅយេម៉ែន។

យ៉ាងនេះក្តី ការបូកសរុបថ្មីចុងក្រោយរបស់មន្ទីរបញ្ចកោណ មិនបានបញ្ជាក់ជាសាធារណៈអំពី ឈ្មោះប្រទេសបន្ថែម ដែលបានចូលរួមក្នុងក្រុមចម្រុះ នេះទេ ដែលជាសញ្ញានៃភាពរសើបផ្នែក នយោបាយមួយ ចំពោះមុខការកើនឡើងនូវភាពតានតឹងក្នុងតំបន់ ជុំវិញសង្រ្គាមអ៉ីស្រាអែល និង ហាម៉ាស។

ដោយកត់សម្គាល់នូវសេចក្តីប្រកាសរបស់ក្រិក និងអូស្ត្រាលី អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណ លោក Patrick Ryder បានបញ្ជាក់ថា «ឥឡូវនេះយើង មានប្រទេសជាង ២០ហើយ បានចុះហត្ថ លេខាដើម្បីចូលរួមជាមួយពួកយើង។ យើងនឹងអនុញ្ញាត ហើយផ្តល់ពេលវេលាបន្ថែមដល់ឲ្យប្រទេស ដ៏ទៃទៀត សម្រាប់បំណងចង់ចូលរួមរបស់ពួកគេ»