រសៀលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធ ផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួង ពាណិជ្ជកម្ម


(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣នេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម ក្រោយប្រព្រឹត្តិ ទៅរយៈពេល ២ថ្ងៃនេះ។

អង្គសន្និបាតនេះ រៀបចំឡើងដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលក្រសួងសម្រេច បាន ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាស៊ីជម្រៅ និងដោះស្រាយបញ្ហាប្រឈមនានា និងលើកទិសដៅអនុវត្តន៍សម្រាប់ឆ្នាំបន្ទាប់ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលទទួលបាន ឲ្យដឹងថា តួលេខសមិទ្ធផលសំខាន់ៗគួរកត់ សម្គាល់ក្នុង១១ខែ ឆ្នាំ២០២៣ រួមមាន៖

* ទំហំពាណិជ្ជកម្មអន្តរជាតិ ១១ខែដើមឆ្នាំ២០២៣ មានទំហំ ៤៣ ៥១៥,៨៦លានដុល្លារអាម៉េរិក ដែលក្នុងនោះការនាំចេញសរុបមាន ២១ ៩៩២,៤០លានដុល្លារអាម៉េរិក កើនឡើង ៤,០៨% បើប្រៀបធៀបនឹងការនាំចេញ រយៈពេល១១ខែ ឆ្នាំ២០២២។ ក្នុងនោះទីផ្សារ RCEP គឺជាទីផ្សារ ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែកប្រមាណ ៦១,០៦% នៃទំហំពាណិជ្ជកម្មសរុប របស់ កម្ពុជា
* ចំណូលប្រមូលបានក្នុងរយៈពេល ១១ខែដើមឆ្នាំ២០២៣ នេះមានចំនួន ៥៣ ៥៧៨,១ លាន រៀល (ស្មើនឹង ១០២,០៩% នៃច្បាប់ថវិកា)
* ចំណាយសរុបក្នុងរយៈពេល ១១ខែដើមឆ្នាំ២០២៣ នេះមានចំនួន ៩០ ៤៦៩,៨ លានរៀល (ស្មើនឹង ៨៧,៧២% នៃឥណទានថវិកាដែលបានផ្តល់)
* ចុះបញ្ជីពាណិជ្ជកម្មមានចំនួនសរុប ១១ ៥០៦ ក្រុមហ៊ុន និងការលុបចេញពីបញ្ជីមានចំនួន សរុប ៩៦៧ ក្រុមហ៊ុន
* ការចុះបញ្ជីម៉ាកតាមប្រព័ន្ធជាតិមានចំនួនសរុប ៣ ៤៤៤ ម៉ាក
* ការចុះបញ្ជីម៉ាកតាមប្រព័ន្ធអន្តរជាតិមានចំនួនសរុប ១ ៨៨៤ ម៉ាក។

ក្រសួងពាណិជ្ជកម្ម បានដាក់ឱ្យដំណើរការនូវការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនៃថ្នាល បច្ចេកវិទ្យាព័ត៌មាន CamDX ដើម្បីផ្ដល់ភាពងាយស្រួល និងរហ័សជូនដល់អាជីវករ ពាណិជ្ជករ និងធុរជនក្នុងការទទួលបាននូវសេវាសាធារណៈនៃការចុះបញ្ជីអាជីវកម្ម។ លើសពីនេះ ចុះបញ្ជីម៉ាក ការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ក៏ត្រូវបានធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្មផង ដែរ។ លើសពីនេះទៀត ក្រសួងក៏បានបន្តការដាក់បញ្ចូលរាល់ឯកសារផ្លូវការពាក់ព័ន្ធនានានៅលើ គេហទំព័រ របស់ក្រសួង និងការរៀបចំឱ្យមាន Call Center ដែលបង្កលក្ខណៈងាយស្រួលដល់ សាធារណជន និងអ្នកទទួលសេវា ក្នុងការស្វែងរកព័ត៌មានសម្រាប់ចម្ងល់នានា ព្រមទាំងកាត់ បន្ថយទាំងកម្រៃសេវា ពេលវេលា និងនីតិវិធី។

ក្រសួងក៏បានផ្ដោតអាទិភាពលើការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិ តាមរយៈការតាក់ តែងច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកិច្ចសហការជាមួយកម្មវិធីពង្រឹងក្របខណ្ឌ សមាហរណកម្មពាណិជ្ជកម្ម ក្នុងការអនុវត្តគម្រោង Go4eCAM ដើម្បីបង្កើតផ្សារខេមបូឌាត្រេដ (CambodiaTrade) ជួយសហគ្រាសធុនតូចនិងមធ្យមបង្កើនឱកាសសេដ្ឋកិច្ច។ ជាពិសេសថ្មីៗនេះ ក្រសួងបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Alibaba ដែលអនុញ្ញាតឱ្យធុរជន និងអាជីវករកម្ពុជា អាចដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាតាមបណ្ដ ប្រទេសអាស៊ាន តាមរយៈ «ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក – electronic World Trade Platform (eWTP)»

កិច្ចព្រមព្រៀងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសំខាន់ៗ ដែលកម្ពុជាសម្រេចបានមានដូច ខាងក្រោម៖

ក៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)
* RCEP ត្រូវបាន ព្រះមហាក្សត្រ ឡាយព្រះហស្ថលេខា ប្រកាសឱ្យប្រើនៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២១ ហើយកិច្ចព្រមព្រៀង RCEP បានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ២០២២។
*ត្រូវបានគេទទួលស្គាល់ថាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគីធំជាងគេបង្អស់នៅក្នុងពិភពលោក និងជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់បំផុតបន្ទាប់ពីអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

ខ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA)
* CCFTA បានចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២៖ ទំនិញកម្ពុជាជាង៣០០មុខ អាច នាំទៅចិនបានដោយមិនគិតពន្ធ ហើយក្នុងចំណោមមុខទំនិញជាង៣០០មុខខាងលើនេះ ផលិត ផលកសិកម្ម ៩៥% ត្រូវរួចពន្ធសម្រាប់ការនាំចេញទៅចិន។

គ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)
* CKFTA បានចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២៖ មានទិសដៅក្នុងការជំរុញការនាំចេញ របស់កម្ពុជា ទៅកាន់កូរ៉េបន្ថែមទៀត ដូចជា ផលិតផលសម្លៀកបំពាក់ និងវាយនភណ្ឌ ស្បែកជើង កាបូប គ្រឿង បន្លាស់ ឧបករណ៍អេឡិចត្រូនិក កៅស៊ូ និងផលិតផលកសិកម្មជាដើម។

ឃ៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (Cambodia-UAECEPA)

* Cambodia-UAECEPA ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម ត្រូវបាន ព្រះបាទ សម្តេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឡាយព្រះហស្ថ លេខា ប្រកាសឱ្យប្រើនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។

* កិច្ចព្រមព្រៀងនេះមានគោលបំណងពង្រីកបន្ថែមនូវសក្តានុពលទីផ្សារទំនិញកសិកម្ម និង ឧស្សាហកម្ម របស់កម្ពុជា រួមមាន៖ អង្ករ, បន្លែ, ចេក, ស្វាយចន្ទី, ស្វាយ, ពោត, ម្រេច, ធុរេន, នំធ្វើពីអង្ករ, ដំណាប់ផ្លែឈើ, កង់, គ្រឿងបង្គុំអេឡិចត្រូនិក, រថយន្តអគ្គិសនី, កាបូបធ្វើដំណើរ, ស្បែកជើង, សម្លៀកបំពាក់ជាដើម។-ល-។ រីឯទីផ្សារសេវាដែលកម្ពុជាទទួលបានសំខាន់ៗរួមមាន៖ សេវាកម្ម អាជីព និងសេវាកម្មធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និង សេវាកម្មបរិស្ថាន។-ល-៕