(ព្រះសីហនុ)៖ សម្តេចមហាបវរធិបតីធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ភាគី ជប៉ុនជួយពង្រីក
និងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ១ទៅដល់ស្ពានអ្នកលឿង។
ការស្នើយ៉ាងដូច្នេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់ចំណត ផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
នាឱកាសនោះ សម្ដេចធិបតីបានចាត់ទុកជប៉ុនជាមិត្តដ៏សំខាន់សម្រាប់កម្ពុជា ដែលបាននិងកំពុង ចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងបន្តទៅអនាគត។ ជាក់ស្ដែងតាមរយៈទីភ្នាក់ងារកិច្ចសហប្រតិបត្តិការជប៉ុនប្រចាំកម្ពុជា ហៅកាត់ JICA ជប៉ុនបានចូល រួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យសាធារណការនិងដឹកជញ្ជូន ក្នុងនោះហេដ្ឋារចនាសម្ពន្ធ ផ្លូវ ស្ពាន និងសំណង់ធំៗជាច្រើនក៏បានលេចឡើងជាបន្តបន្ទាប់ផងដែរ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានស្នើដល់ភាគីជប៉ុនតាមរយៈអនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនា សម្ពន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន សូមជួយគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធផ្លូវស្ពាន នៅកម្ពុជាបន្ថែមទៀត ដូចជាគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញដល់ស្ពានត្សឹ បាសា ឬស្ពានអ្នកលឿង និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្ដីតាកុយ-អរិយក្សត្រ ដែល បច្ចុប្បន្នមានទីភ្នាក់ងារ JICA កំពុងពិនិត្យសំណើរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា។
សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមស្នើដល់មិត្តជប៉ុនតាមរយៈឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ពន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ជួយពិនិត្យលទ្ធភាពក្នុងការគាំទ្រដល់ការ អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធផ្លូវស្ពាននៅកម្ពុជាបន្ថែមទៀត ដូចជាគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញដល់ស្ពានត្សឹបាសា ឬស្ពានអ្នកលឿង»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា ដោយសារប្រទេសជប៉ុនជាប្រទេសជឿនលឿនលើ វិស័យហេដ្ឋារចសម្ពន្ធផ្លូវស្ពាន ដូច្នេះសម្ដេចធិបតីស្នើឱ្យអនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ពន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន សូមជួយសម្របសម្រួលរៀបចំឱ្យមានកម្មវិធីផ្លាស់ចំណេះដឹង និង ជំនាញ បទពិសោធន៍ និងបច្ចេកវិទ្យាលើការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរបស់ប្រទេសជប៉ុន ដើម្បីជំរុញ ការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធផ្លូវស្ពាននៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង៕