ប៉ូលិសវៀតណាម ចាប់ខ្លួនអនុរដ្ឋមន្ត្រីពាណិជ្ជកម្មម្នាក់ ក្នុងសំណុំរឿងពុករលួយ

(ហាណូយ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ បញ្ជាក់អោយដឹងថា ប៉ូលិសនៅក្នុងប្រទេសវៀតណាម បានចាប់ឃុំខ្លួនអនុរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មម្នាក់ដែល រងការចោទប្រកាន់ថាបាន ទទួលសំណូក ដែលនេះគឺជាការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ចុងក្រោយបំផុត នៅក្នុងយុទ្ធនាការបោសសម្អាតអំពើពុករលួយជាច្រើនឆ្នាំមកនេះរបស់ គណបក្សកុម្មុយនិស្ដវៀត ណាម។ នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ប៉ូលិសមកពី ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឱ្យដឹងថាលោក Do Thang Hai មានអាយុ៦០ឆ្នាំ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតពាក់ព័ន្ធនឹងការចោទប្រកាន់ថារូបលោកបានទទួលសំណូកពីក្រុមហ៊ុនប្រេង មួយនៅភាគខាងត្បូងប្រទេសវៀតណាម។ ក្នុងការស៊ើបអង្កេតនេះ ផ្ទះ និងការិយាល័យ របស់លោក Hai ក៏ត្រូវបានប៉ូលិស​ចុះឆែកឆេរផងដែរ។

គួរបញ្ជាក់ថា ការចាប់ខ្លួនលោក Do Thang Hai ធ្វើឡើងក្រោមក្របខណ្ឌនៃការស៊ើបអង្កេត ជុំវិញការទទួលសំណូក និងកិបកេងធនធានរបស់រដ្ឋ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុនប្រេង Xuyen Viet Oil Travel and Transport Trading Company ហើយកាលពីប៉ុន្មានសប្ដាហ៍ថ្មីៗ នេះ ប៉ូលិសវៀតណាមក៏បានចាប់ខ្លួនមនុស្ស ៤នាក់ផ្សេងទៀតក្នុងសំណុំរឿងពុករលួយនេះដែរ។ លោក Do Thang Hai បានកាន់តំណែងជា អនុរដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ២០១៤មក ដោយទទួលខុស ត្រូវលើវិស័យជាច្រើនដូចជាទីផ្សារក្នុងស្រុក ការលើកកម្ពស់ពាណិជ្ជកម្ម ការផលិត និងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ហើយលោកក៏ធ្លាប់កាន់តំណែងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្មវៀតណាមផងដែរ។

លោក Do Thang Hai គឺជាមន្ត្រីម្នាក់នៅក្នុងចំណោមមន្ត្រីវៀតណាមរាប់រយនាក់ ដែលត្រូវបាន ស៊ើបអង្កេតក្នុងសំណុំរឿងពុករលួយ ដែលបានបង្ខំ ឱ្យមន្ត្រីកំពូលមួយចំនួនលាលែងចេញពីតំណែង ក្នុងនោះរួមមានទាំងអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ព្រមទាំង ឧបនាយករដ្ឋមន្ត្រី២រូបទៀត៕