ក្រុមប្រឹក្សាសន្តិសុខ UN នឹងបោះឆ្នោតលើដំណោះស្រាយ ជុំវិញសង្រ្គាមអ៉ីស្រាអែល-ហាម៉ាស ក្រោយអាមេរិកបង្ហាញសញ្ញាគាំទ្រ

 (យូអិន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ ២០២៣ អោយដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងធ្វើការបោះឆ្នោតដំណោះ ស្រាយមួយពាក់ព័ន្ធនឹងសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បន្ទាប់ពីមានសញ្ញាគាំទ្រពីសហរដ្ឋអាមេរិក ដែលបានបោះឆ្នោតវេតូ ប្រឆាំងនឹងដំណោះស្រាយ នាពេលកន្លងមកនេះ។

ក្រោយត្រូវបានពន្យារពេលជាច្រើនថ្ងៃមកនេះ សេចក្ដីព្រាងដំណោះស្រាយចុងក្រោយបំផុតមួយ ដែល AFP បានឃើញ បានអំពាវនាវឱ្យមាន ការអនុញ្ញាតជាបន្ទាន់នូវការបញ្ជូនជំនួយមនុស្សធម៌ សម្រាប់ជនស៊ីវិលដោយសុវត្ថិភាព និងគ្មានការរំខាន។ ដំណោះស្រាយនេះក៏បានអំពាវនាវផងដែរ ការបង្កើតលក្ខខណ្ឌសម្រាប់បទឈប់បាញ់មួយប្រកបដោយនិរន្តរភាព ប៉ុន្តែមិនបានអំពាវនាវឱ្យមាន ការបិទបញ្ចប់សង្រ្គាមភ្លាមៗនោះទេ។

ការអំពាវនាវឱ្យបញ្ចប់ការសង្រ្គាម ឬបទឈប់បាញ់ជាបន្ទាន់ ធ្លាប់ត្រូវបានសហរដ្ឋអាមេរិក និងអ៉ីស្រា អែលប្រឆាំងដាច់ខាត ដោយសំអាងថាវានឹងផ្ដល់ ផលចំណេញដល់ក្រុមហាម៉ាស។ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោក ស្រី Linda Thomas-Greenfield បានលើកឡើងថាប្រសិនបើដំណោះស្រាយត្រូវដាក់ឱ្យបោះឆ្នោត មានភ្ជាប់ជាមួយការអំពាវនាវខាងលើ នោះអាមេរិកអាចនឹង បោះឆ្នោតគាំទ្រ។ លោកស្រីថែមទាំងបដិសេធទៀតផងថាដំណោះស្រាយនេះមិនត្រូវបានកែប្រែដើម្បីបំពេញចិត្តនរណាមួយនោះទេ និងទទួលបាន ការគាំទ្រពេញទំហឹងពីបណ្ដាប្រទេសអារ៉ាប់៕