ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា ផ្តាំនិស្សិតអាហារូបករណ៍អូស្រ្តាលី និងនូវែលសេឡង់ ត្រូវធ្វើជាអ្នកការទូតតំណាងកម្ពុជា និងចូលរួមលើកស្ទួយ «វិស័យការទូតសេដ្ឋកិច្ច»


(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានផ្តាំផ្ញើនិស្សិតជ័យលាភី ត្រូវធ្វើជាអ្នកការទូតតំណាងកម្ពុជា និងចូលរួមលើកស្ទួយ «វិស័យ ការទូតសេដ្ឋកិច្ច» ក្នុងការផ្សព្វផ្សាយផលិតផលកម្ពុជា ដើម្បីពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

ឯកឧត្តម បានផ្តាំផ្ញើបែបនេះ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ពេលអនុញ្ញាតឱ្យនិស្សិតជ័យលាភី អាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី និងរដ្ឋាភិបាលនូវែលសេឡង់ ចំនួន ៦២ រូប នៃចំនួនសរុប ៨០ រូប សម្រាប់ឆ្នាំសិក្សា ២០២៤ ចូលជួបសុំអនុសាសន៍ណែនាំ នៅទីស្ដីការក្រសួង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងពីរក្រុម ដែលបានទទួល អាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសអូស្រ្តាលី និងប្រទេសនូវែលសេឡង់ និងបានលើកទឹកចិត្តឱ្យនិស្សិតជ័យលាភីទាំងអស់ មិនត្រឹមតែខិតខំប្រឹងប្រែងរៀនសូត្រប៉ុណ្ណោះទេ ថែមទាំងពាំនាំយកចំណេះដឹងស៊ីជម្រៅ និងជំនាញត្រឡប់មកវិញ ដើម្បីចូលរួមចំណែកដល់ការ អភិវឌ្ឍរបស់ប្រទេសជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យនិស្សិតជ័យលាភីទាំងអស់ «ខិតខំស្គាល់ពីខ្លួនឯង ឱ្យច្បាស់» មានន័យថា ត្រូវស្គាល់ពីប្រវត្តិសាស្រ្ត វប្បធម៌ និងអរិយធម៌របស់កម្ពុជា ដើម្បីណែនាំ និងពន្យល់ទៅនិសិ្សតបរទេស ក៏ដូចជានិស្សិតម្ចាស់ផ្ទះ នៅប្រទេសអូស្រ្តាលី និងប្រទេសនូវែល សេឡង់ផងដែរ។

តំណាងនិស្សិតជ័យលាភីអាហារូបករណ៍ទាំងពីរក្រុម បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានផ្ដល់ដំបូន្មានដ៏ថ្លៃថ្លា និងបានប្ដេជ្ញាចិត្តខិតខំ ប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹងទូលំទូលាយក្នុងជំនាញរបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា៕