(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានអោយដឹងថា មន្ត្រីយោធាកំពូលរបស់សហរដ្ឋអាមេរិក បានបើកកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយសមភាគី ចិនរបស់លោក កាលពីថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូនេះ ដែលនេះជាកិច្ចសន្ទនាយោធាលើកដំបូង បំផុត ក្នុងរយ:ពេលជាងមួយឆ្នាំមួយមកនេះ ខណៈក្រុមមន្ត្រីអាមេរិករំពឹងថាវាអាចនឹងនាំ ទៅរកការ ស្ដារឡើងវិញទាំងស្រុងនូវទំនាក់ទំនងរវាងយោធានៃមហាអំណាចទាំង២។
កិច្ចពិភាក្សាតាមរយៈវីដេអូខុនហ្វេរិនខាងលើ ធ្វើឡើងតាមការឯកភាពគ្នារវាងលោកប្រធានាធិបតី អាមេរិក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីខែវិច្ឆិកាកន្លងទៅថានឹងស្ដារ ទំនាក់ទំនងយោធាឡើងវិញ ដែលត្រូវបានកាត់ផ្ដាច់ដោយទីក្រុងប៉េកាំង ជាការឆ្លើយតបទៅនឹង ដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់កាលពីខែសីហា ឆ្នាំ២០២២។
នាយឧត្តមសេនីយ៍អាមេរិក លោក Charles Q. Brown ដែលជាប្រធានសេនាធិការចម្រុះកងទ័ព អាមេរិក និងនាយឧត្តមសេនីយ៍ចិន លោក Liu Zhenli បានពិភាក្សាគ្នាពីបញ្ហាជាច្រើនពាក់ព័ន្ធនឹង សន្តិសុខរបស់ពិភពលោក និងតំបន់។ នេះបើតាមការិយាល័យរបស់លោក Brown។ លោក Liu គឺជាប្រធានសេនាធិការចម្រុះនៃគណៈកម្មការយោធាមជ្ឈិម ដែលជាអង្គភាពយោធាទទួលបន្ទុកលើ ការរៀបចំផែនក និងប្រតិបត្តិការសង្រ្គាមរបស់ ចិន៕