(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានលើកទឹកចិត្តដល់សមាគម សារព័ត៌មានទាំងអស់ ត្រូវបណ្ដុះបណ្ដាលផ្ទៃក្នុង និងអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ដែល ចង់ពង្រឹងសមត្ថភាពទៅក្រសួង ព្រោះក្រសួងព័ត៌មាននឹងមានរៀបចំវគ្គបណ្ដុះបណ្ដាលមូលដ្ឋាន វគ្គបណ្ដុះបណ្ដាលពីការសរសេរព័ត៌មាន បទយកការណ៍ ការកែសម្រួល និងវគ្គផ្សេងៗជាច្រើនទៀត ដើម្បីបង្កើនសមត្ថភាពរបស់អ្នកសារព័ត៌មាន។
ក្នុងអង្គវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២០ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា ការពង្រឹងសមត្ថភាពអ្នកព័ត៌មាននេះ ក៏ព្រោះវិស័យ សារព័ត៌មាន ជាវិស័យអាទិភាព ដែលដើរតួនាទីសំខាន់ ជាសារនាំពាក្យ ជាអ្នកចែករំលែកចំណេះ ដឹងរបស់ប្រជាពលរដ្ឋ និងពិភពលោក។
បន្ទាប់ពីបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាអស់រយៈពេលពេញ ១ ព្រឹករួចមក អង្គវេទិកានិពន្ធ នាយកសារព័ត៌មានកម្ពុជាលើកទី២០ បានចេញសេចក្តីថ្លែងការណ៍រួមដែលមានខ្លឹមសារថា មកដល់ពេលនេះការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកាន់តែមានសារសំខាន់ក្នុងការលើកស្ទួយតម្លៃរបស់អ្នកសារព័ត៌មាន និងជំនឿរបស់មហាជនមកលើសារព័ត៌មាន ជាពិសេសក្នុងបរិបទនៃ ការរីកដុះដាលខ្លាំងនៃសារព័ត៌មានឌីជីថល។
ដើម្បីពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយប្រសិទ្ធភាព ក្លិបអ្នកកាសែត កម្ពុជា និងសមាគមអ្នកសារព័ត៌មាននានា ត្រូវសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីបង្កើតក្រុម ប្រឹក្សាក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានមួយ ដែលមានមុខងារច្បាស់លាស់ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលម្អវិជ្ជាជីវៈ សារព័ត៌មាន ។
ការបណ្តុះបណ្តាល អប់រំ ផ្សព្វផ្សាយអំពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន នៅតែជាបញ្ហាស្នូល សម្រាប់អ្នកសារព័ត៌មាន ព្រោះស្ថាប័ន និងអ្នកសារព័ត៌មានហាក់មានកំណើន ជាបន្តបន្ទាប់ ប៉ុន្តែ មិនទាន់ទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ ដែលជាហេតុធ្វើឱ្យកំហុសឆ្គងលើវិជ្ជាជីវៈ និងក្រមសីលធម៌ងាយនឹងកើតឡើង។
អង្គវេទិការនិពន្ធនាយកកម្ពុជា ក៏បានអំពាវនាវជាថ្មីម្តងទៀតដល់អ្នកសារព័ត៌មានទាំងអស់ ជា ពិសេសអ្នកដែលទើបចូលបំពេញការងារ ក្នុងវិស័យសារព័ត៌មាន គប្បីយកចិត្តទុកដាក់ក្នុងការ សិក្សាស្រាវជ្រាវ ឬក៏ចូលរួមក្នុងវគ្គបណ្តុះ បណ្តាលវិជ្ជាជីវៈសារព័ត៌មាននិងក្រមសីលធម៌ បើសិន ជាពួកគេមានបំណងក្លាយជាអ្នកសារព័ត៌មានអាជីព ហើយទទួលបានការគាំទ្រពីសាធារណជន ៕