(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជ ការ ក្រោមឱវាទក្រសួង ដើម្បីជម្រាបជូនអំពីវឌ្ឍនភាពការងាររបស់ក្រសួងក្នុងឆ្នាំ២០២៣ និងទិស ដៅបន្តឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួងដោយ ផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូនៃសន្និសីទ Zoom។
ថ្លែងក្នុងពិធីសំណេះសំណាល ឯកឧត្តម រដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអំពីវឌ្ឍនភាពការងារ របស់ក្រសួង ក្នុងការកំណែទម្រង់ផ្ទៃក្នុង ការរៀបចំគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ ការ អភិវឌ្ឍវិស័យប្រៃសណីយ៍ ក្នុងការធ្វើទំនើបកម្ម ដើម្បីជំរុញវិស័យប្រៃសណីយ៍ឱ្យកាន់តែមាន ប្រសិទ្ធភាព និងភាពងាយស្រួលក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ការអភិវឌ្ឍវិស័យទូរគមនាគមន៍ ដើម្បីផ្តល់ជូនសេវាទូរគមនាគមន៍ និងអ៊ីនធឺណិតល្បឿនលឿនដល់ប្រជាពលរដ្ឋប្រកបដោយ បរិយាបន្ន និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការលើកកម្ពស់គុណភាពសេវាទូរសព្ទ ចល័តតាមរយៈការសាងសង់ស្ថានីយអង់តែន ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ ព្រមទាំងការដាក់ឱ្យប្រើកម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងល្បឿនអ៊ីនធឺណិត «MPTC Speed Test» ដែលមានមុខងារចម្បងសម្រាប់វាស់ស្ទង់កម្រិតសេវាទូរសព្ទ និងដំណើរការអ៊ីន ធឺណិតនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
បន្ថែមលើនេះ ឯកឧត្តម រដ្ឋមន្ត្រីបានជម្រាបជូនអំពីការចូលរួមចំណែករបស់ក្រសួង ក្នុងការជួយ គាំទ្រដល់រាជរដ្ឋាភិបាលអនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណ ទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាអាទិ៍៖ ការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍, កម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល និងការ បង្កើតកម្មវិធីប្រកួតប្រជែងពាក់ព័ន្ធនឹងជំនាញឌីជីថល, ការៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដើម្បីជំរុញការចាប់យកឌីជីថលរបស់ប្រជាពលរដ្ឋកម្ពុជា ឱ្យក្លាយទៅជាពលរដ្ឋឌីជីថល ក្នុងរយៈ ពេល ១០-១៥ឆ្នាំខាងមុខ។
ទន្ទឹមនឹងនេះ ឯកឧត្តម រដ្ឋមន្ត្រីក៏បានជម្រាបជូនពីការធ្វើបរិវត្តកម្មឌីជីថល ក្នុងក្រសួង-ស្ថាប័ន ការបង្កើតអង្គភាពបរិវត្តកម្មឌីជីថល ការរៀបចំតភ្ជាប់បណ្តាញរាជរដ្ឋាភិបាល និងថ្នាក់ក្រោមជាតិ ឧបករណ៍និងប្រព័ន្ធ ការរៀបចំមជ្ឈមណ្ឌលទិន្នន័យ ការរៀបចំផែនការអភិវឌ្ឍឌីជីថលក្នុងក្រសួង នីមួយៗ និងការរៀបចំផែនការសកម្មភាពជាដើម។
ឯកឧត្តម រដ្ឋមន្ត្រីបានមានប្រសាសន៍ថា សមិទ្ធផលដែលសម្រេចបានពេលនេះ ពិតជាបានមក ដោយមានការចូលរួមធ្វើពលិកម្មយ៉ាងធំធេងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមអនុវត្ត គោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល។
ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូន អង្គពិធីអំពីការលើកកម្ពស់ជីវភាពរស់នៅរបស់មន្ត្រីរាជការ និង គោលការណ៍គាំពារមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាទាំងអស់៕