WHO និយាយថា តំបន់ហ្គាហ្សាភាគខាងជើងលែងមានមន្ទីរពេទ្យដំណើរការទៀតហើយ


(ហ្សឺណែវ)៖  យោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ គឺ អង្គការសុខភាពពិភពលោក (WHO ) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ (២១ ធ្នូ) នេះថា តំបន់ហ្គាហ្សាស្ទ្រីបភាគខាងជើងត្រូវបានទុកចោលដោយគ្មានមន្ទីរពេទ្យដំណើរការ ដោយសារកង្វះ ខាតប្រេងឥន្ធនៈ បុគ្គលិក និងការផ្គត់ផ្គង់។

យោងតាម WHO មានតែមន្ទីរសុខភាពចំនួន ៩ ប៉ុណ្ណោះក្នុងចំណោម ៣៦ កន្លែង ដែលដំណើរការ ដោយផ្នែក នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីបទាំងមូល។ មន្ទីរពេទ្យទាំងអស់នេះត្រូវបានប្រមូលផ្តុំនៅ ភាគខាងត្បូងនៃស្ទ្រីប។

លោក Richard Peppercorn អ្នកតំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់ហ្គាហ្សា បាន ប្រាប់អ្នកយកព័ត៌មានតាមរយៈតំណភ្ជាប់វីដេអូពីទីក្រុងហ្សេរុយសាឡឹមថា «មិនមានមន្ទីរពេទ្យ ដំណើរការទៀតទេនៅភាគខាងជើង»។ លោកបានបន្ថែមថា «មន្ទីរ Al-Ahly គឺជាមន្ទីរពេទ្យចុង ក្រោយ ប៉ុន្តែឥឡូវនេះវាដំណើរការនៅកម្រិតអប្បបរមា៖ វានៅតែកំពុងព្យាបាលអ្នកជំងឺ ប៉ុន្តែមិន ទទួលយកអ្នកជំងឺថ្មីទេ»។

លោក Pepperkorn បានពិពណ៌នាថាមន្ទីរពេទ្យមួយចុងក្រោយនេះថាជា «សម្បកនៃមន្ទីរពេទ្យ» ហើយបាននិយាយថា វាផ្តល់ការថែទាំតិចតួចណាស់ ដោយមានតែបុគ្គលិកប្រហែល ១០ នាក់ ប៉ុណ្ណោះដែលកំពុងធ្វើការដែលបន្តផ្តល់សង្គ្រោះបឋម ការគ្រប់គ្រងការឈឺចាប់ និងការថែទាំមុខ របួស ជាមួយនឹងធនធានតិចតួច។

លោកបានបន្ថែមថា«…វាធ្លាប់ជាមន្ទីរពេទ្យតែមួយគត់ដែលអ្នករបួសអាចទទួលការវះកាត់នៅភាគខាងជើងហ្គាហ្សា ហើយវាមានហ្វូងអ្នកជំងឺដែលត្រូវការការថែទាំបន្ទាន់។ ប៉ុន្តែឥឡូវនេះលែងមានបន្ទប់វះកាត់ទៀតហើយ ដោយសារកង្វះប្រេងឥន្ធនៈ ថាមពល ការផ្គត់ផ្គង់ ពេទ្យ និងបុគ្គលិកសុខាភិបាល រួមទាំងគ្រូពេទ្យវះកាត់ និងអ្នកឯកទេសផ្សេងទៀត»៕