នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញឱ្យក្រសួងបរិស្ថាន អនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឱ្យមានប្រសិទ្ធ ភាព ដើម្បីពង្រីកគម្របព្រៃឈើនៅកម្ពុជា ចូលរួមការពារបរិស្ថានពិភពលោក


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួង បរិស្ថាន ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមសហការអនុវត្ត  «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ឱ្យមានប្រសិទ្ធភាព ដើម្បីពង្រីកទំហំគម្របព្រៃឈើនៅកម្ពុជា ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងចូលរួមការពារបរិស្ថានតំបន់និងពិភពលោក។

ការជំរុញណែនាំយ៉ាងដូច្នេះគឺក្នុងឱកាសសម្ដេចធិបតីអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀលទី២១ ខែធ្នូ ឆ្នាំ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈការសិក្សារូបភាពផ្កាយរណបបានបង្ហាញ ថា ពិភពលោកបានបាត់បង់គម្របព្រៃឈើ១ភាគ៣នៃគម្របព្រៃទាំងមូល ហើយពាក់កណ្ដាលនៃ ការបាត់បង់គម្របព្រៃនេះ គឺកើតឡើងនៅក្នុងសតវត្សទី២១នេះ។ ម្យ៉ាងទៀត ការបំភាយឧស្ម័ន កាបូនិកទៅក្នុងបរិយាកាសកើនឡើងប្រមាណ៤ពាន់លានតោន រៀងរាល់ទសវត្សរ៍ ចាប់ឆ្នាំ១៩៨០ មក។

សម្ដេចធិបតីបានបន្តថា កម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច ប៉ុន្តែទទួលរងផលប៉ះពាល់ ខ្លាំងពីការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះទឹកជំនន់ជាញឹកញាប់ និងគ្រោះរឹងស្ងួតអូសបន្លាយយូរ ដែលបានបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិត ជីវភាពប្រជាជន និងរឹងស្ទះដំណើរការនៃការអភិវឌ្ឍ ប្រទេសជាតិ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមដោះស្រាយ បញ្ហានេះ និងបានចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ទាំងកម្រិតតំបន់ និងពិភពលោក ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងបរិស្ថានជាសេនាធិការបានផ្ដោតដោយសំខាន់ទៅលើការអភិវឌ្ឍដោយចីរភាព ដើម្បីឈានឆ្ពោះទៅរកការអព្យាក្រឹតកាបូន ការលើកកម្ពស់ប្រជាសហ គមន៍ តាមរយៈការការដាក់ចេញយុទ្ធសាស្ត្ររយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដែលជាការ ប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជាក្នុងការចូលរួមជាមួយពិភពលោក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួល អាកាសធាតុ ក៏ដូចជារក្សានិងបង្កើនភាពបៃតងនៃភពផែនដីសម្រាប់អ្នកជំនាន់ក្រោយ។ ក្នុងន័យនេះ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះ «យុទ្ធនាការបណ្ដុះកូនឈើ១,០០០,០០០ដើមក្នុងមួយឆ្នាំចែកជូនប្រជាពលរដ្ឋដាំ» ដែលផ្ដួចផ្ដើមដោយក្រសួងបរិស្ថាន។

សម្ដេចធិបតីបានបង្ហាញការជឿជាក់ថា តាមរយៈការអភិរក្ស និងដាំដើមឈើឡើងវិញនោះ​ នឹងជួយ ពង្រីកគម្របព្រៃឈើនៅប្រទេសកម្ពុជាឱ្យបាន៦០ភាគរយ និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង ជាសកលក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

សម្ដេចជឿជាក់ចំពោះផលវិជ្ជមាននៃការដាំដើមឈើ ដែលនឹងជួយរក្សានិងបង្កើនមុខងារផ្ដល់សេវា កម្មអេកូឡូស៉ីព្រៃឈើ ដែលផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ដូចជាការនេសាទ ការទាញយក ផលអនុផលព្រៃឈើ ការផ្ដល់សេវាកម្មទេសចរណ៍ ក៏ដូចជាការលើកកម្ពស់សុខុមាលភាពធនធាន មនុស្សនិងបរិស្ថាន។

ជាមួយគ្នានោះដែរ ដើម្បីធានានូវការនិរន្តរភាពបរិស្ថានកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ អនុសាសន៍ដល់ក្រសួងបរិស្ថានត្រូវជំរុញ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកន្លងមកឱ្យមានប្រសិទ្ធភាព ដោយត្រូវប្រែក្លាយទ្រឹស្ដីទៅជាការអនុវត្តជាក់ ស្ដែង។ ទន្ទឹមនេះ ក្រសួងបរិស្ថានត្រូវរៀបចំយន្តការជាក់លាស់ក្នុងការតាមដាន និងវាយតម្លៃការ អនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាននេះ និងស្នើដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមផ្ដល់កិច្ចសហ ការជាមួយក្រសួងបរិស្ថានឱ្យបានល្អប្រសើរ ដើម្បីឱ្យការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន សម្រេចជោគជ័យ។

សម្ដេចធិបតីក៏បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ចូលរួមសហ ការជាមួយក្រសួងបរិស្ថាន ដើម្បីជំរុញបន្ថែមក្នុងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាត ដើម្បីចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូនិក ស្រប តាមគោលនយោបាយអភិរក្សនិងអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន សំដៅឈាន ឆ្ពោះទៅរកការបំភាយឧស្ម័នផ្ទះកញ្ចប់សូន្យ និងអព្យាក្រឹតកាបូន ដែលសុទ្ធតែជាគោលដៅសកល ដើម្បីប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដូចជាការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមដោះស្រាយ បញ្ហានៃការប្រែប្រួលអាកាសធាតុ៕