(សៀងហៃ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ បានអោយដឹងថា មជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសចិន គឺទីក្រុងសៀង ហៃ កំពុងជួបប្រទះនឹងអាកាសធាតុដ៏ត្រជាក់បំផុត មិនធ្លាប់មានរយៈពេល ៤០ឆ្នាំនៅក្នុងខែធ្នូនេះ ជំរុញឲ្យអាជ្ញាធរចេញការព្រមានអំពីកម្រិតសីតុណ្ហភាពទាប និងខ្យល់ត្រជាក់ ខណៈទីក្រុងភាគខាង ជើងប្រទេសចិនឯណោះវិញ ស្ថិតក្នុងលក្ខខណ្ឌត្រជាក់ដូចទឹកកក តែអាចនឹងធូរស្រាលនៅសប្តាហ៍ ក្រោយ។
ការិយាល័យឧតុនិយម បានឲ្យដឹងថា សីតុណ្ហភាពក្នុងទីក្រុងសៀងហៃ នៅថ្ងៃព្រហស្បតិ៍នេះនឹង ធ្លាក់ចុះរហូតដល់ -៤ ទៅ -៦អង្សាសេ ហើយស្ថិតក្នុងកម្រិតក្រោមសូន្យបែបនេះពេញមួយថ្ងៃទូ ទាំងទីក្រុង។ សីតុណ្ហភាពអប្បបរមានៅឯជាយក្រុង នឹងមានកម្រិតក្រោមសូន្យ រហូតដល់ថ្ងៃទី២៥ ខែធ្នូ ដែលមិនធ្លាប់កើតឡើងរយៈពេល ៤០ឆ្នាំ។ បើទោះបីជាអាកាសធាតុត្រជាក់បែបនេះ ជារឿង មិនធម្មតាសម្រាប់ទីក្រុងស៊ាងហៃ ប៉ុន្តែនៅតែក្តៅជាងតំបន់ភាគខាងជើងប្រទេសចិន ដោយសីតុណ្ហ ភាពក្នុងខេត្តជាច្រើននៅទីនោះ បានធ្លាក់ចុះកម្រិតទាបជាប្រវត្តិសាស្ត្រ ក្នុងរយៈពេលប៉ុន្មាន សប្តាហ៍ចុងក្រោយនេះ៕