(វ៉ាស៉ីនតោន)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ ព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ បានអោយដឹងថា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា សហរដ្ឋអាមេរិកចង់បាន ហើយរំពឹងថា អ៉ីស្រាអែល នឹងផ្លាស់ប្តូរទិសដៅនៃប្រតិបត្តិការរបស់ខ្លួននៅតំបន់ហ្កាហ្សា ដោយបន្ធូរបន្ថយ និង ផ្តោតតែលើមេដឹកនាំក្រុមហាម៉ាស ក៏ដូចជាទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់ហាម៉ាស ប៉ុណ្ណោះ។
ក្នុងន័យអំពាវនាវម្តងទៀតឲ្យអ៉ីស្រាអែល កាត់បន្ថយចំនួនជនស៉ីវិលស្លាប់ ក្នុងប្រតិបត្តិការប្រឆាំង ក្រុមហាម៉ាស នៅឯសន្និសីទប្រចាំឆ្នាំ លោក Blinken បានថ្លែងថា នៅពេលដែលទិសដៅផ្លាស់ ប្តូរនេះកើតឡើង គ្រោះថ្នាក់ចំពោះជនស៉ីវិលគួរតែថយចុះយ៉ាងខ្លាំង។ លោក Blinken បានបញ្ជាក់ យ៉ាងដូច្នេះថា «យើងរំពឹង និងចង់ឃើញថាមានការផ្លាស់ប្តូរទិសដៅនៃប្រតិបត្តិការ ដែលពិតជាផ្តោត តែលើមេដឹកនាំក្រុមហាម៉ាស បណ្តាញផ្លូវរូងក្រោមដី និងចំណុចសំខាន់ៗមួយចំនួនទៀត»។
គួរបញ្ជាក់ថា ចំណាត់ការសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន កាល ពីថ្ងៃទី៧ ខែតុលា បានធ្វើឲ្យអ៉ីស្រាអែលត្រូវប្រឈមមុខនឹងសម្ពាធ កាន់តែខ្លាំងពីសម្ព័ន្ធមិត្តលោក ខាងលិចរបស់ខ្លួន ដោយសារតែការស្លាប់ដ៏ច្រើននៃប្រជាជនស៊ីវិលប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា៕