អ៊ុយក្រែន គ្រោងផលិតយន្តហោះដ្រូនឲ្យបាន ១លានគ្រឿង នៅឆ្នាំ២០២៤


(កៀវ)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ គឺ រដ្ឋមន្រ្តីកិច្ចការយុទ្ធសាស្រ្តឧស្សាហកម្មអ៊ុយក្រែន លោក Oleksandr Kamyshin បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ទីក្រុងកៀវគ្រោងផលិត យន្តហោះដ្រូន FPV (first-person-view) ចំនួន ១លានគ្រឿងដែលកំពុងមានតម្រូវការខ្ពស់សម្រាប់សមរភូមិជួរមុខ និង យន្តហោះដ្រូនវាយប្រហាររយៈចម្ងាយមធ្យម និងចម្ងាយឆ្ងាយច្រើនជាង ១១,០០០គ្រឿងនៅឆ្នាំ ២០២៤។

យន្ដហោះដ្រូន FPV ត្រូវបានអ៊ុយក្រែនបានប្រើប្រាស់យ៉ាងទូលំទូលាយ និងយន្តហោះដ្រូនតូចៗ ដែលដើមឡើយប្រើសម្រាប់ជនស៉ីវិលទូទៅ ប៉ុន្តែក្រោយមកដ្រូន ប្រភេទ ត្រូវបានកែច្នៃយកទៅប្រើ ក្នុងសមរភូមិ គិតចាប់តាំងពីដើមដំបូងសង្រ្គាមរបស់រុស្ស៉ីកាលពីឆ្នាំ២០២២ ខណៈវាមានតម្លៃទាប ប៉ុន្តែមានប្រសិទ្ធភាពសម្រាប់ ការឈ្លបយកការណ៍ និងការវាយប្រហារ។

លោក Kamyshin បានឲ្យដឹងតាមបណ្តាញតេឡេក្រាមថា កន្លែងផលិតបានរៀបចំរួចរាល់ ហើយ កិច្ចសន្យាសម្រាប់ឆ្នាំ២០២៤ នឹងត្រូវចាប់ផ្តើម។ ក្នុងចំណោម ផលិតផលទាំងនោះ ក៏រួមមានដ្រូន យ៉ាងហោចណាស់ ១,០០០គ្រឿងមានរយៈចម្ងាយឆ្ងាយជាង ១,០០០ គីឡូម៉ែត្រ។

គួរបញ្ជាក់ថា បើតាមលោក Kamyshin ក្នុងខែធ្នូនេះ អ៊ុយក្រែននឹងផលិតយន្ដហោះដ្រូន FPV ជាង ៥០,០០០គ្រឿង៕