ក្រុមហ៊ុនមីនីបៀរបស់ជប៉ុន ប្រកាសពង្រីកការវិនិយោគនៅកម្ពុជា បន្ទាប់ពីអាជីវកម្មរបស់ ខ្លួនទទួលបានជោគជ័យ១១ឆ្នាំកន្លងមកនេះ

(តូក្យូ, ជប៉ុន)៖ ក្រុមហ៊ុនមីនីបៀរបស់ជប៉ុន ប្រកាសពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុង​ប្រទេស​​កម្ពុជា បន្ទាប់ពីអាជីវកម្មរបស់ខ្លួនទទួលបានជោគជ័យ និងមានលទ្ធផលល្អប្រសើរ​ក្នុងរយៈ​ពេល​ប្រមាណជា១១ឆ្នាំកន្លងមកនេះ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ចំពោះគម្រោងពង្រីកវិនិយោគនេះ និងសន្យាធ្វើឱ្យបរិស្ថានវិនិយោគកាន់តែល្អ​ប្រសើរ។
ក្រុមហ៊ុនមីនីបៀ ជាក្រុមហ៊ុនរបស់ជប៉ុនវិនិយោគលើការផលិតគ្រឿងបង្គំអេឡិចត្រូនិក។ ក្រុមហ៊ុនបាន​វិនិយោគនៅកម្ពុជាអស់រយៈពេលប្រមាណជា១១ឆ្នាំមកហើយ។

ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ លោក កៃនុម៉ា យ៉ូស៊ីហ៉ីសា បានជម្រាបអំពីវឌ្ឍន និងភាព​រីក​ចម្រើនរបស់ក្រុមហ៊ុនមីនីបៀនៅក្នុងប្រទេសកម្ពុជា។ លោក ក៏បានបង្ហាញពីគម្រោង​ពង្រីកការវិនិយោគ​របស់​ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងជំនួបនេះ លោកអគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុនមីនីបៀ បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះការវិនិយោគរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន និងបាន​ជំរុញទឹកចិត្តដល់វិនិយោគិនឱ្យកាន់តែមានទំនុកចិត្តក្នុងការពង្រីកការវិនិយោគរបស់ខ្លួនថែមទៀតនៅកម្ពុជា។

សម្តេចធិបតី បានអរគុណក្រុមហ៊ុន ដែលបានសម្រេចចិត្តបោះទុនវិនិយោគ និងគ្រោងវិនិយោគ​បន្ថែម​នៅ​កម្ពុជា។ សម្តេចធិបតី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់​នៅក្នុងការ​ធា​នា​​និរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោល​នយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រមជាមួយនឹងការអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធ​តភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវលឿន ផ្លូវដែក និងកំពង់ផែ ជាដើម ដើម្បីជួយសម្រួល និងផ្តល់​ការ​លើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនទាំងក្នុង និងក្រៅស្រុក ។

សម្តេចធិបតី បន្ថែមថា រាជរដ្ឋាភិបាល ក៏កំពុងពិនិត្យលទ្ធភាពក្នុងការបង្កើតសួន​ឧស្សាហកម្ម​កម្ពុជា​-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅ​ជាកំពង់ផែស្នូលដ៏សំខាន់មួយនៅក្នុងតំបន់។ លើសពីនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាន​ប្តេជ្ញាបន្តពង្រឹងបរិស្ថានវិនិយោគនៅកម្ពុជាឱ្យកាន់តែមានភាពបត់បែន ងាយស្រួល និង​អំណោយ​ផល​បន្ថែមទៀត៕