ប្រមុខការពារជាតិអាមេរិក ទៅដល់អ៉ីស្រាអែលសាជាថ្មី ដើម្បីពិភាក្សាអំពីសង្រ្គាមនៅតំបន់ហ្កាហ្សា


(វ៉ាស៉ីនតោន)៖ នាថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Lloyd Austin បានធ្វើដំណើរទៅដល់ប្រទេសអ៉ីស្រាអែលជាថ្មីម្តងទៀត ដើម្បីបើកកិច្ចពិភាក្សាអំពីដំណាក់កាលបន្ទាប់ នៃសង្រ្គាមនៅតំបន់ហ្កាហ្សាស្ទ្រីប (Gaza Strip)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣។

កាលពីទស្សនកិច្ចដំបូងនៅអ៉ីស្រាអែល បន្ទាប់ពីសង្រ្គាមហ្កាហ្សាផ្ទុះឡើងភ្លាមៗ លោក Austin បានបង្ហាញគោលជំហរគាំទ្រយ៉ាងរឹងមាំ ចំពោះសិទ្ធិការពារខ្លួនរបស់អ៉ីស្រាអែល ដែលបានបើកប្រតិបត្តិការយោធាប្រឆាំងដែនដីប៉ាឡេស្ទីនមួយនេះ ដើម្បីកម្ចាត់ក្រុមហាម៉ាស ដែលបាន​ឆ្មក់វាយលុកទ្រង់ទ្រាយធំលើអ៉ីស្រាអែលមុន។ យ៉ាងណាក្តី នាពេលនេះ លោកប្រមុខការពារជាតិអាមេរិក បានបង្ហាញក្តីកង្វល់​កាន់តែខ្លាំងឡើង ជុំវិញចំនួនជនស៉ីវិលដ៏ច្រើន ដែលបានស្លាប់ដោយសារ សកម្មភាពវាយប្រហារសងសឹករបស់អ៉ីស្រាអែល។
យោងតាមមន្រ្តីជាន់ខ្ពស់ការពារជាតិអាមេរិកម្នាក់ អំលុងដំណើរទស្សនកិច្ចលើកនេះ លោក Austin ត្រូវបានរំពឹងថា នឹងពិភាក្សាអំពីផែនការ​របស់អ៉ីស្រាអែល ស្តីពីការធ្វើអន្តរកាលទៅរកដំណាក់កាលបន្ទាប់នៃសង្រ្គាម ក្នុងជំនួបរបស់លោក ជាមួយថ្នាក់ដឹកនាំអ៉ីស្រាអែល ដែល​រួមមានទាំង នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant៕