ចិន និងកូរ៉េខាងជើង បើកកិច្ចប្រជុំកម្រិតខ្ពស់ ស្របពេលមានការបាញ់មីស៉ីលបាលិស្ទីគ ដែលអាចទៅដល់គ្រប់ទីកន្លែងក្នុងសហរដ្ឋអាមេរិក

(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង នៅទីក្រុងប៉េកាំងនៅថ្ងៃចន្ទ (ទី១៨ ធ្នូ) នេះ ស្របពេលដែលទីក្រុងព្យុងយ៉ាងបាញ់បង្ហោះមីស៊ីលបាលិស្ទីគរយៈចំងាយឆ្ងាយ ដែលអាចទៅដល់គ្រប់ទីកន្លែងក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសចិនបានដកស្រង់សម្តីរបស់ លោក Wang Yi ពេលជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Park Myung-ho ដោយនិយាយថា ចិនតែងតែចាត់ទុកទំនាក់ទំនងរបស់ខ្លួន ជាមួយកូរ៉េខាងជើងថាជាទំនាក់ទំនងដែលមានទស្សនៈយុទ្ធសាស្ត្រ និងរយៈពេលវែង។
លោក Wang បានបន្ថែមថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការបង្កើនទំនាក់ទំនង និងការសម្របសម្រួលទៅវិញទៅមក ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងនៅទីក្រុងព្យុងយ៉ាងបាននិយាយថា កិច្ចប្រជុំនេះធ្វើឡើងក្នុងបរិយាកាសមិត្តភាព ហើយឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅប្រទេសចិន លោក Ri Ryong Nam ក៏មានវត្តមានផងដែរ៕