អ៉ីស្រាអែល ប្រាប់មន្ត្រីជាន់ខ្ពស់អាមេរិកថាសង្រ្គាមនៅហ្កាហ្សា នឹងអូសបន្លាយពេលច្រើនខែទៅមុខ


(ហ្កាហ្សា)៖  តាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ អោយដឹងថា រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានព្រមានថា សង្រ្គាមជាមួយក្រុមហាម៉ាសអាចនឹងអូសបន្លាយពេលច្រើន ខែទៅមុខទៀត ខណៈសហរដ្ឋអាមេរិក និងអ៉ីស្រាអែលកំពុងខ្វែងគំនិតគ្នាជុំវិញការបាត់បង់អាយុជីវិតជនស៊ីវិលប៉ាឡេស្ទីន។

ការព្រមានខាងលើរបស់លោក Yoav Gallant ធ្វើឡើងនៅក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក Jake Sullivan ក្នុងទីក្រុង Tel Aviv កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ តាមលោក Gallant អ៉ីស្រាអែលត្រូវការពេលវេលាបន្ថែម ហើយពេលវេលានោះអាចនឹងអូសបន្លាយ ច្រើនខែ ទៅមុខ ដើម្បីជ័យជម្នះ និងកម្ទេចក្រុមហាម៉ាស។

គួរបញ្ជាក់ថា នៅមុនធ្វើដំណើរទស្សនកិច្ចទៅកាន់អ៉ីស្រាអែល លោក Jake Sullivan បានប្រាប់ កាសែតអាមេរិក Wall Street Journal នៅឯវេទិកាមួយថាលោកនឹងពិភាក្សាពីរយៈពេលដែលត្រូវ បញ្ចប់សង្រ្គាម ហើយនឹងជំរុញឱ្យមេដឹកនាំអ៉ីស្រាអែល បន្ធូរបន្ថយការវាយលុករបស់ ខ្លួនខ្លះ ដើម្បី កាត់បន្ថយការស្លាប់របស់ជនស៊ីវិល។ សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសបានឈានចូល ដល់ខែទី៣ហើយ ចាប់តាំងពី ក្រុមហាម៉ាសបានបើកការវាយប្រហារលើភាគខាងត្បូងអ៉ីស្រាអែល ដោយសម្លាប់មនុស្ស ១២០០នាក់ភាគច្រើនជាជនស៊ីវិល និងចាប់ខ្លួនមនុស្ស ជាច្រើននាក់ជា ចំណាប់ខ្មាំង។

ជាការសងសឹក អ៉ីស្រាអែលបានទម្លាក់គ្រាប់បែកមិនរើសមុខលើតំបន់ហ្កាហ្សា ដោយបានសម្លាប់ ជនជាតិប៉ាឡេស្ទីន ១៨,៧៨៧នាក់ ក្នុងនោះ ភាគច្រើនជាជនស៊ីវិល។ នេះបើតាមក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា ខណៈសង្រ្គាមសព្វថ្ងៃបានរាលដាលពាសពេញ តំបន់ហ្កាហ្សា ក្រោយ អ៉ីស្រាអែលពង្រីកការវាយលុកដល់ភាគខាងត្បូងនៃតំបន់នេះ៕