(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានជួបពិភាក្សាក្នុងស្មារតីមិត្តភាពជាមួយ លោកស្រី មេលីសា ប្រោន (Melissa A. Brown) ឧបការីរងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកការិយាល័យ កិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក ក្នុងឱកាសដែលលោកស្រីអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន ដែលទទួលបាន ឲ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី និង លោកស្រីឧបការី រងបានបញ្ចាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្ដល់ប្រយោជន៍ទៅវិញទៅមកលើវិស័យផ្សេងៗ រួមទាំង ពាណិជ្ជកម្មនិងវិនិយោគ ជំនួយអភិវឌ្ឍន៍ និងការ ផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវគោលនយោបាយដែលផ្ដោតលើប្រជាពលរដ្ឋ និង អាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលថ្មី រួមមាន ការថែទាំសុខភាព ការអប់រំនិងបណ្ដុះបណ្ដាល និងការ បង្កើតការងារ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះទីភ្នាក់ងារសហរដ្ឋ អាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលបានជួយគាំទ្រដល់វិស័យមួយចំនួនខាងលើ។
ទន្ទឹមនឹងទទួលស្គាល់នូវកិច្ចសហប្រតិបត្តិការគួរឱ្យចាប់អារម្មណ៍ជាច្រើនរវាងសហរដ្ឋអាមេរិក និងកម្ពុជា លោកស្រីឧបការីរងបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការ ទាំងនោះ ធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងស្វែងរកកាលានុវត្តភាពសម្រាប់ភាពជា ដៃគូថ្មីៗបន្ថែមទៀត។សហរដ្ឋអាមេរិកនឹងប្រកាន់យកវិធីសាស្រ្តបែបសន្តនិយមចំពោះទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា ។
ភាគីទាំងពីរបានផ្លាស់ប្ដូរទស្សនៈស្ដីពីបញ្ហាតំបន់និងអន្តរជាតិដែលជាប្រយោជន៍រួម រួមទាំងតួនាទី របស់កម្ពុជានាពេលខាងមុខ ជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។ លោកស្រីឧបការីរង បានសង្កត់ធ្ងន់ថា កេរ្ដិ៍ឈ្មោះដ៏ល្អរបស់កម្ពុជាក្នុងឋានៈ ជាប្រធានអាស៊ានកន្លងមក និងវិធីសាស្រ្តបែបស្ថាបនារបស់កម្ពុជាចំពោះវិបត្តិអ៊ុយក្រែន នឹងបង្កភាព ងាយស្រួលដល់កិច្ចសន្ទនា។ សហរដ្ឋអាមេរិកក៏នឹងខិតខំជួយគាំទ្រតួនាទីរបស់កម្ពុជា ជាប្រធាននៃ កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាស្ដីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីន ផងដែរ។
កិច្ចពិភាក្សាខាងលើនេះបានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីទាំងពីរក្នុងការបន្តកិច្ចសន្ទនាជាមួយគ្នាលើប្រធានបទជាច្រើន រួមទាំងប្រធានបទដែលភាគីទាំងពីរមានទស្សនៈផ្សេងគ្នា។
ភាគីទាំងពីរបានគូសបញ្ជាក់នូវសារៈសំខាន់នៃតម្រូវការឱ្យមានការជឿទុកចិត្ត និងការប្រាស្រ័យ ទាក់ទងគ្នាទៅវិញទៅមកក្នុងនាមជាដៃគូ៕