(វ៉ាស៉ីនតោន)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Rueters នៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ គឺ ប្រធានសំឡេងភាគច្រើននៃព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Chuck Schumer បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ព្រឹទ្ធសភានឹងបោះឆ្នោតលើកញ្ចប់ជំនួយ យោធា សម្រាប់អ៊ុយក្រែន និងអ៉ីស្រាអែល នៅសប្តាហ៍ក្រោយ ខណៈកិច្ចចរចាជុំវិញការផ្លាស់ប្តូរ គោលនយោបាយសន្តិសុខព្រំដែនអាមេរិក ដែលអាចប៉ះពាល់ទៅដល់ការផ្តល់កញ្ចប់ជំនួយសម្រាប់ អ៊ុយក្រែន នៅតែបន្តធ្វើឡើង។
តាមលោក Schumer ព្រឹទ្ធសភានឹងពន្យារពេលសម្រាកវិស្សមកាលរបស់ខ្លួន ដែលគ្រោងនឹងចាប់ ផ្តើមនៅថ្ងៃសុក្រ ហើយកោះប្រជុំនៅថ្ងៃចន្ទ សប្តាហ៍ក្រោយ ដើម្បីផ្តល់ពេលវេលាដល់ក្រុមអ្នក ចរចាសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងមួយ។ លោក Schumer បានបញ្ជាក់ថា «យើងបាន ជាប់គាំង ជាច្រើនលើក លើកិច្ចការបស់យើង។ យើងដឹងថាពិភពលោកកំពុងចាំមើល»។
សូមបញ្ជាក់ថា ប្រធានាធីបតីអាមេរិក លោក ចូ បៃដិន បាន និងកំពុងជំរុញឲ្យសមាជិកសភាអនុម័ត កញ្ចប់ជំនួយបន្ថែម ដើម្បីផ្តល់ជំនួយសន្តិសុខថ្មី សម្រាប់អ៊ុយក្រែន ប្រយុទ្ធជាមួយរុស្ស៉ី ក៏ដូចជាជួយ អ៉ីស្រាអែលក្នុងសង្រ្គាមជាមួយក្រុមហាម៉ាស។ ប្រធានសភាតំណាងរាស្រ្ត មកពីគណបក្សសាធា រណរដ្ឋ លោក Mike Johnson និងសមាជិកសភាតំណាងរាស្ត្រសាធារណរដ្ឋផ្សេងទៀត បាន និយាយម្តងហើយម្តងទៀតថា ពួកគេនឹងបោះឆ្នោតគាំទ្រសម្រាប់ការផ្តល់ជំនួយនោះ ប្រសិនបើវា សមស្របនឹងលក្ខខណ្ឌថ្មីនៃការគ្រប់គ្រងព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៉ិក៕