លោក ពូទីន ថាសហរដ្ឋអាមេរិក ត្រូវតែស្តាប់លក្ខខណ្ឌរបស់រុស្ស៉ី ជុំវិញការដោះដូរអ្នកទោស


(មូស្គូ)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Rueters នៅថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ បានអោយដឹងថា នៅពេលត្រូវបានសាកសួរអំពីលទ្ធភាពនៃការដោះដូរអ្នកទោស ដូច ជាករណីអ្នកកាសែត Wall Street Journal លោក Evan Gershkovich និងទាហានជើងចាស់ អាមេរិក លោក Paul Whelan កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបង្ហាញក្តីរំពឹងទុកអំពីការសម្រេចបានកិច្ចព្រមព្រៀងមួយ ប៉ុន្តែថាសហរដ្ឋអាមេរិកត្រូវតែស្តាប់ លក្ខខណ្ឌរបស់រុស្ស៉ី។

អ្នកយកព័ត៌មានរបស់កាសែត New York Times បានសួរទៅកាន់លោក ពូទីន ពីករណីរបស់ជន ជាតិអាមេរិកទាំងពីររូបនេះ នៅក្នុងសន្និសីទ កាសែតប្រចាំឆ្នាំរបស់លោក ដោយលោក ពូទីន បាន បញ្ជាក់យ៉ាងដូច្នេះថា «យើងចង់ឈានដល់កិច្ចព្រមព្រៀងមួយ ហើយកិច្ចព្រមព្រៀងទាំងនេះ ត្រូវតែ អាចទទួលយកបានទៅវិញទៅមក និងសមស្របសម្រាប់ភាគីទាំងពីរ»

ដោយលើកឡើងថារុស្ស៉ីបន្តមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិកជុំវិញបញ្ហានេះ លោក ពូទីន បានបន្ថែមថា «វាមិនមែនងាយស្រួលទេ ខ្ញុំនឹងមិននិយាយលម្អិតទេឥឡូវនេះ តែខ្ញុំសង្ឃឹមថាយើង នឹងមានដំណោះស្រាយ។ ប៉ុន្តែខ្ញុំសូមនិយាយម្តងទៀតថា ភាគីអាមេរិកត្រូវតែស្តាប់យើង ហើយធ្វើការ សម្រេចចិត្តមួយដែលសមស្របនឹងភាគីរុស្ស៊ី»