(ម៉ិកស៉ិក)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ គឺ គណៈកម្មកាជួយសង្រ្គោះអន្តរជាតិ (IRC) បានលើកឡើងក្នុងរបាយ ការណ៍មួយនៅថ្ងៃព្រហស្បតិ៍នេះថា បម្រែបម្រួលអាកាសធាតុ ជម្លោះប្រដាប់អាវុធកាន់តែយ៉ាប់យ៉ឺន ការកើនឡើងនៃបន្ទុកបំណុល រួមទាំងការបង្រួញការគាំទ្រជាអន្តរជាតិ នឹងធ្វើវិបត្តិមនុស្សធម៌ទូទាំង ពិភពលោក កាន់តែធ្ងន់ធ្ងរនៅឆ្នាំ ២០២៤។
ក្នុងរបាយការណ៍តាមដានស្ថានភាពអាសន្នឆ្នាំ ២០២៤ របស់ខ្លួន IRC ដែលមានមូលដ្ឋាននៅ ទីក្រុងញូវយ៉ក បានចង្អុលបង្ហាញទៅលើប្រទេសចំនួន ២០ ដោយភាគច្រើននៅក្នុងទ្វីបអាហ្រ្វិក ថាមានហានិភ័យខ្ពស់បំផុត នៃស្ថានភាពមនុស្សធម៌កាន់តែអាក្រក់នៅឆ្នាំ ២០២៤។ របាយការណ៍នេះធ្វើឡើង បន្ទាប់ពីចំនួនមនុស្សត្រូវការជំនួយមនុស្សធម៌ក្នុងឆ្នាំ ២០២៣ កើនឡើង ដល់៣០០លាននាក់ ខណៈអ្នកដែលត្រូវបានបង្ខំឲ្យភៀសខ្លួនកើនឡើងដល់ចំនួន ១១០លាន នាក់។ដោយអំពាវនាវឲ្យមានចាប់អារម្មណ៍បន្ថែមទៀត លើការសម្របខ្លួនទៅនឹងបញ្ហាអាកាសធាតុ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ការផ្តល់ជំនួយដល់ប្រជាជន ការគាំទ្រសម្រាប់ជនភៀសខ្លួន និងសកម្មភាពដើម្បីទប់ស្កាត់និទណ្ឌភាព ប្រធាន IRC លោក David Miliband បានគូសបញ្ជាក់ ក្នុងរបាយការណ៍នោះថា «នេះគឺជាពេលវេលាដ៏អាក្រក់បំផុត»៕