(ហ្សាការតា)៖ ក្រសួងការបរទេសឥណ្ឌូនេស៊ីបានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ឥណ្ឌូនេស៊ីបានសន្យា ការផ្តល់វិភាគទានចំនួន ៣ដង ដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) និងពង្រឹងសាមគ្គីភាពជាសកលជាមួយប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គឺជាអ្នកគាំទ្រដ៏រឹងមាំរបស់ប៉ាឡេស្ទីនអស់ជាច្រើនទសវត្សរ៍មកហើយ ដោយប្រជាជន និងរដ្ឋាភិបាលរបស់ខ្លួនបានមើលឃើញថា ការបង្កើតរដ្ឋប៉ាឡេស្ទីនគួរតែមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន និងអំពាវនាវឱ្យមានការលុបបំបាត់អាណានិគមនិយម។
ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេស លោកស្រី Retno Marsudi បានបញ្ជាក់ការគាំទ្រនេះ ក្នុងអំឡុងពេលព្រឹត្តិការណ៍រំលឹកខួបលើកទី ៧៥ នៃសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារ។
លោកស្រី Marsudi បាននិយាយយ៉ាងដូច្នេះថា «ឥណ្ឌូនេស៊ីបញ្ជាក់ឡើងវិញ នូវការគាំទ្ររបស់ខ្លួនសម្រាប់ការពង្រឹងសាមគ្គីភាពនយោបាយ និងការគាំទ្រផ្នែកមនុស្សធម៌សម្រាប់ប៉ាឡេស្ទីន រួមទាំងការបង្កើនការចូលរួមវិភាគទាន ៣ដង ចំពោះគម្រោងផ្តល់ជំនួយរបស់អង្គការសហប្រជាជតិ (UNRWA) »៕