រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយអគ្គនាយករដ្ឋបាលវិទ្យុ និងទូរទស្សន៍ខេត្តយូណាន់ ប្រទេសចិន ដើម្បីផ្លាស់ប្តូរការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែខ្លាំងឡើង


(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយលោក Sheng Gaoju អគ្គនាយករដ្ឋបាលវិទ្យុ និងទូរទស្សន៍ខេត្តយូណាន់ CDTV ប្រទេសចិន ដើម្បីផ្តោតជាសំខាន់លើកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មានផ្សព្វផ្សាយ និងសោតទស្សន៍ឱ្យកាន់តែរីកចំរើនបន្ថែមទៀត ក្នុងក្របខណ្ឌមេគង្គ-ឡាងឆាង ដោយនៅក្នុងឆ្នាំ២០២៤។

នាឱកាសនោះដែរ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ប្រាប់ទៅអគ្គនាយករដ្ឋបាលវិទ្យុ និងទូរទស្សន៍ខេត្តយូណាន់ CDTV ថាទូរទស្សន៍ជាតិកម្ពុជា ទទក គ្រោងរៀបចំកម្មវិធីផ្សាយព័ត៌មានជាភាសាចិន ខណៈពេលបច្ចុប្បន្ននេះគឺមានការផ្សាយជាភាសាបារាំង និងភាសាអង់គ្លេស។
គម្រោងដំណើរការរៀបចំកម្មវិធីព័ត៌មានផ្សាយជាភាសាចិននេះដែរត្រូវបានលោករដ្ឋមន្រ្តី ស្នើសុំការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីខេត្តយូណាន់ ប្រទេសចិន ព្រោះរយៈពេល ១០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Cambodia Digital TV យូណាន់ ប្រទេសចិន បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយ ទូរទស្សន៍ជាតិកម្ពុជា និងក្រសួងព័ត៌មានកម្ពុជា។

ដោយនៅក្នុងឆ្នាំ២០២៤ កំឡុងខែមិថុនា គឺមានការរៀបចំអនុវត្តន៍សប្តាហ៍ មេគង្គ-ឡាងឆាង លើកទី៦ ហើយរដ្ឋបាលវិទ្យុ និងទូរទស្សន៍ខេត្តយូណាន់ បានគោរពអញ្ជើញ លោក នេត្រ ភក្ត្រា និងគណៈប្រតិភូអមដំណើរ ទៅចូលរួមដោយក្នុងនោះខាងយូណាន់ បានស្នើដល់ភាគីកម្ពុជា ផ្ញើនូវវីដេអូ ឬក៏ភាពយន្តឯកសារដែល មានភាពល្បីជាប្រវត្តិសាស្រ្ត និងវប្បធម៌ របស់កម្ពុជា ដើម្បីអោយខាងយូណាន់ បកប្រែជាភាសាចិន សម្រាប់ចាក់ផ្សាយនៅក្នុងកម្មវិធី សប្តាហ៍មេគង្គ ឡាងឆាងលើកទី៦ នៅខេត្តយូណាន់ ប្រទេសចិន។
លោក កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានជម្រាបជូនថា តាមរយៈកិច្ចពិភាក្សាការងាររវាងរដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ជាមួយអគ្គនាយករដ្ឋបាលវិទ្យុ និងទូរទស្សន៍ខេត្តយូណាន់ CDTV ប្រទេសចិន បានផ្តោតលើកិច្ចសហប្រតិបត្តិការ ក្នុងការបញ្ជូល News Media ប្រពន្ធ័ផ្សព្វផ្សាយបែបទំនើប និងការធ្វើពាណិជ្ជកម្មតាមអនឡាន ដែលឆ្លងកាត់តាមព្រំដែន ដោយខាងយូណាន់ ស្នើដល់ក្រសួងព័ត៌មាន ចង្អុលបង្ហាញនូវអ្នកប្រកបអាជីវកម្មផ្នែកពាណិជ្ជកម្មអនឡាញល្បីៗរបស់កម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងវិស័យសោតទស្សន៍។

ទន្ទឹមនេះដែរគឺមានគម្រោងរៀបចំផលិតភាពយន្តរឿង និងភាពយន្តឯកសារ របស់វិទ្យុ និងទូរទស្សន៍យូណាន់ នៅព្រះរាជាណាចក្រកម្ពុជា ដែលមានចំណងជើងថា «កម្ពុជា ជាបងប្អូនល្អ»។ សម្រាប់កិច្ចការងារនេះ ខាងយូណាន់ស្នើសុំកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មាន និងទូរទស្សន៍ជាតិកម្ពុជា ដើម្បីធ្វើការផលិតឱ្យបានល្អ។
ទាក់ទងលើវិស័យបច្ចេកទេស ក៏មានកិច្ចសហប្រតិបត្តិការពាក់ពន្ធ័លើការបណ្តុះបណ្តាលធនធានមនុស្ស និងការឈានឆ្ពោះទៅអនាគត ឌីជីថល និងប្រពន្ធ័នៃការផ្សព្វផ្សាយ OTT។
ជាមួយគ្នានេះដែរ វិទ្យុ និងទូរទស្សន៍យូណាន់ សុំឱ្យមានកិច្ចសហប្រតិបត្តិការ ពីក្រសួងព័ត៌មាន លើការផ្លាស់ប្តូរទៅវិញ ទៅមកនូវមន្រ្តីជំនាញ មន្រ្តីសារព័ត៌មាន និងថ្នាក់ដឹកនាំ ដើម្បីអាចផ្សារភ្ជាប់ទៅឆ្នាំ២០២៤ គឺជាឆ្នាំនៃការជំរុញឱ្យមានការផ្តាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលក្នុងនោះក៏មានមន្រ្តីជំនាញ និងអ្នកសារព័ត៌មាន ក៏ដូចជាការផ្លាស់ប្តូរលើវិស័យផលិតករផងដែរ។

ក្នុងឱកាសនេះ ខាងវិទ្យុ និងទូរទស្សន៍យូណាន់ ស្នើដល់ក្រសួងព័ត៌មាន អនុញ្ញាតឱ្យបណ្តាស្ថានីយ៍ទូរទស្សន៍ធំៗ និងល្បីៗរបស់កម្ពុជា ចូលរួមក្នុងការផលិតកម្មវិធីនានា ដើម្បីយកទៅបកប្រែជាភាសាចិន ហើយយកទៅធ្វើការផ្សព្វផ្សាយនៅប្រទេសចិន ដើម្បីបង្ហាញឱ្យឃើញនូវទំនាក់ទំនងលើវិស័យវប្បធម៌ ធ្វើឱ្យប្រជាជន នៃប្រទេសទាំងពីរបានស្គាល់គ្នាកាន់តែសុីជម្រៅ ស្អិតរមូត ដូចដែលប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា ចិន បានកំណត់ថា «ចំណងមិត្តភាពដែកថែប» ហើយជាកិច្ចសហការ «ត្បូងពេជ្រ»។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគួសបញ្ជាក់ពីជំហរក្នុងការបន្តនូវរាល់កិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា ជាមួយអគ្គនាយករដ្ឋបាលវិទ្យុ និងទូរទស្សន៍ខេត្តយូណាន់ CDTV ប្រទេសចិនឱ្យបានកាន់តែល្អបន្ថែមទៀត ហើយរួមគ្នាធ្វើជាផែនការ និងសកម្មភាពការងារថ្មីបន្ថែមទៀត ដើម្បីជាចក្ខុវិស័យឈានទៅសម្រេចបានជោគជ័យនាពេលអនាគត។ ដូច្នេះចាប់ពីពេលនេះទៅគឺជាការរួមគ្នាធ្វើកិច្ចការងារតាមទិសដៅដែលបានដាក់ចេញ ស្របតាមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា ចិន បាននឹងកំពុងអនុវត្តន៍ និងផែនការទៅមុខ។
លោករដ្ឋមន្រ្តី បានលើកឡើងថាស្ពានទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ កម្ពុជា ចិន គឺមានរួចហើយ អ្វីដែលសំខាន់គឺយើងត្រូវសហការសាមគ្គីថែរក្សា និងការពារស្ពានដ៏ល្អនេះឱ្យបានរឹងមាំជារាងរហូត៕