(ឌូបៃ)៖ ក្រុមប្រដាប់អាវុធ Houthis ក្នុងប្រទេសយេម៉ែន បានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះថា ពួកគេបានធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងនាវាដឹកប្រេងរបស់ប្រទេសន័រវេស នៅក្នុងការតវ៉ាចុងក្រោយរបស់ពួកគេប្រឆាំង នឹងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
អ្នកនាំពាក្យយោធា Houthi លោក Yahya Saree បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមនេះបានវាយប្រហារនាវាដឹកប្រេងឈ្មោះថា Strinda របស់ប្រទេសន័រវេសដោយគ្រាប់រ៉ុក្កែត ដោយសារតែនាវានេះដឹកជញ្ជូនប្រេងឆៅទៅកាន់ស្ថានីយអ៊ីស្រាអែល ហើយបន្ទាប់ពីនាវិករបស់ខ្លួន មិនអើពើនឹងការព្រមានទាំងអស់។
ប៉ុន្តែក្រុមហ៊ុនដែលគ្រប់គ្រងកប៉ាល់នោះគឺក្រុមហ៊ុន Mowinckel Chemical Tankers របស់ន័រវេស បានគូសបញ្ជាក់ថា កប៉ាល់នេះបានធ្វើដំណើរទៅប្រទេសអ៊ីតាលី ជាមួយនឹងការដឹកប្រេងដូងសម្រាប់ប្រើប្រាស់ក្នុងជីវឥន្ធនៈ ដោយមិនមានគម្រោងឈប់នៅអ៊ីស្រាអែលទេ។
ទិន្នន័យពីក្រុមហ៊ុនតាមដានកប៉ាល់ Kpler បានបង្ហាញថា កប៉ាល់ Strinda បានដឹកប្រេងបន្លែ និងជីវឥន្ធនៈពីប្រទេសម៉ាឡេស៊ី ហើយកំពុងធ្វើដំណើរទៅកាន់ទីក្រុង Venice។ មន្ត្រីក្រុមប្រដាប់អាវុធ Houthi មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ ហើយក៏មិនមានការអត្ថាធិប្បាយភ្លាមៗ ពីរដ្ឋាភិបាលអ៊ីស្រាអែលដែរ៕