សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់បញ្ចប់ការកំណត់ព្រំដែនជាមួយវៀតណាមឱ្យបានឆាប់ កុំឱ្យក្លាយជាមេរោគសម្រាប់ទំនាក់ទំនង


(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាភាគីវៀតណាមចង់ឱ្យមានការពន្លឿន ការបោះបង្គោលព្រំដែន រវាងប្រទេសទាំងពីរ ឱ្យចប់ជាស្ថាពរឱ្យបានឆាប់ ដើម្បីជំរុញឱ្យតាមបណ្តោយព្រំដែន ក្លាយជាទីតាំងសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចទំនើប។

នេះបើតាមការបញ្ជាក់របស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួល​បន្ទុក​កិច្ច​ការ​បរទេស នៅយប់ថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០២៣ ក្នុងសន្និសីទសារព័ត៌មាន ក្រោយដំណើរមាតុភូមិនិវត្តន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រឡប់មកពីបំពេញទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃ នៅប្រទេសវៀតណាម។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានថ្លែងទៀតថា ចំពោះសំណួរថាតើកិច្ចការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម ត្រូវបញ្ចប់នៅពេលណានោះ ភាគីទាំងពីរសុទ្ធតែមិនអាចកំណត់បានឡើយ ប៉ុន្តែភាគីទាំងពីរសុទ្ធតែបង្ហាញឆន្ទះចង់បញ្ចប់ឱ្យបានឆាប់រហ័សបំផុត។ កិច្ចការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅសល់តែ ១៦ភាគរយទៀតប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះថា «កិច្ចការបោះបង្គោលព្រំដែន [កម្ពុជា-វៀតណាម] នៅសល់តែ ១៦ភាគរយប៉ុណ្ណោះ ហើយក្នុងចំណោម ១៦ភាគរយនេះ គឺនៅសល់៦ភាគរយ ដែលភាគីទាំងពីរសម្រេចចិត្តថាត្រូវតែសម្រេចឱ្យបានសិន ចាំគិតគូរ១០ភាគរយទៀត។ កិច្ចការដែលនៅសេសសល់ទាំងនេះ យើងអាចចោទសួរថាតើចប់នៅពេលណា? មែនទែនទៅទាំងកម្ពុជា ទាំងវៀតណាម មិនអាចកំណត់បានទេថាតើវានឹងចប់នៅពេលណា? យ៉ាងណាវិញអ្វីដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសមភាគីរបស់សម្តេចចង់ធ្វើ គឺពន្លឿនការបោះបង្គោលព្រំដែន ឱ្យចប់ជាស្ថាពរយ៉ាងឆាប់រហ័សជាទីបំផុត ពីព្រោះកិច្ចការនេះអូសបន្លាយមកយូរឆ្នាំហើយ»។

លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា «តើហេតុអ្វីបានជាចាំបាច់ម្ល៉េះ ដើម្បីបញ្ចប់ជាស្ថាពរការបោះបង្គោលព្រំដែន? ទាំងកម្ពុជា ទាំងវៀតណាម មិនចង់ឱ្យជម្លោះព្រំដែន ក្លាយជាបញ្ហាស្មុគស្មាញតទៅទៀត ចង់ធ្វើឱ្យបណ្តោយព្រំដែននៃប្រទេសទាំងពីរក្លាយជាទីតាំង នៃការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះទាំងកម្ពុជា ទាំងវៀតណាមត្រូវការស្ថិរភាព ត្រូវការសន្តិភាព និងត្រូវការអភិវឌ្ឍតំបន់ជាយដែនឱ្យក្លាយ ទៅជាតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ទំនើប»៕