(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ របស់ថ្នាក់ដឹកនាំក្រសួង ដោយមានការអញ្ជើញចូលពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំនាឱកាសនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈធំៗចំនួន ០៣ រួមមាន៖ (១)ប្រកាសតែងតាំង និងប្រគល់ភារកិច្ចសមាសភាពថ្នាក់ដឹកនាំក្រសួង ថ្នាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធាន និងអនុប្រធាននាយកដ្ឋាន សរុបចំនួន ០៩រូប (២)បូកសរុបលទ្ធផលរបាយការណ៍វាយតម្លៃការអនុវត្តផែនការសកម្មភាព ១០០ថ្ងៃ របស់អង្គភាពជំនាញក្រោមឱវាទក្រសួងនៅថ្នាក់កណ្តាល និង (៣)ការផ្តល់អនុសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងទិសដៅអនុវត្តការងារបន្ត ព្រមទាំងគោលការណ៍ណែនាំថ្មីៗ និងវិធានគន្លឹះរបស់រាជរដ្ឋាភិបាល សម្រាប់ការអនុវត្តនៅតាមអង្គភាព ឱ្យមានស័ក្តិសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់។
នាឱកាសនោះលោករដ្ឋមន្ត្រី ដែលបានដាក់ចេញសម្រាប់អង្គភាពក្រោមឱវាទក្រសួងអនុវត្ត រួមមាន០៥ចំណុចធំៗ ដូចជា៖ (១)ពង្រឹងរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចនៅក្នុងអង្គភាព (២)ពង្រឹងការទទួលខុសត្រូវ និងកំណត់ទិសដៅការងារឱ្យចំជំនាញ (៣)ពង្រឹងការរៀបចំផែនការហិរញ្ញវត្ថុឱ្យចំគោលដៅ និងកំណត់អាទិភាពចំណាយឱ្យបានច្បាស់លាស់ (៤)រៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំ២០២៤ ឱ្យបានលម្អិតនិងគ្រប់ជ្រុងជ្រោយ និង (៥) ពង្រឹងសមត្ថភាពមន្ត្រីឱ្យចំគោលដៅ ទាំងផ្នែកច្ចេកទេស ទាំងសតិអារម្មណ៍ និងផ្នែកនយោបាយ៕