(ហាណូយ, វៀតណាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការជឿជាក់ថា ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម នៅតែបន្តរឹងមាំទោះសភាពការណ៍តំបន់ និងពិភពលោកមានការវិវឌ្ឍន៍បែបណាក៏ដោយនោះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះតាមរយៈសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍ស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសវៀតណាម ដែលរៀបចំដោយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅយប់ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ក្នុងសុន្ទរកថានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយចំពោះការរីកចម្រើនសេដ្ឋកិច្ចរបស់វៀតណាម បើទោះបីប្រទេសនានាជួបវិបត្តិបណ្តាលមកពីជំងឺកូវីដ១៩ និងបញ្ហាផ្សេងៗទៀត។
ក្នុងសុន្ទរកថានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយចំពោះការរីកចម្រើនសេដ្ឋកិច្ចរបស់វៀតណាម បើទោះបីប្រទេសនានាជួបវិបត្តិបណ្តាលមកពីជំងឺកូវីដ១៩ និងបញ្ហាផ្សេងៗទៀត។
ក្នុងសុន្ទរកថានោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងផងដែរថា ពីកិច្ចពិភាក្សារវាងសម្តេចជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀតរបស់វៀតណាម។ សម្តេចធិបតី បានបង្ហាញការពេញចិត្តចំពោះការជជែកពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-វៀតណាម ដោយត្រង់ទៅត្រង់មក និងស្និទ្ធស្នាលជាមួយមេដឹកនាំរបស់វៀតណាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា «ខ្ញុំមានជំនឿថា ជំនួបទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តពូនជ្រុំទំនាក់ទំនង និងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថេរភាពយូរអង្វែងរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងបន្ថែមទៀត ទោះស្ថិតក្នុងសភាពការណ៍តំបន់ និងពិភពលោកមានការវិវឌ្ឍន៍ប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងពិបាកប៉ានស្មាន»។
ម្តេចធិបតី បានបង្ហាញក្តីរំពឹងដែរថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម នឹងបន្តរួមគ្នាអនុវត្តឱ្យបានជោគជ័យរាល់កិច្ចព្រមព្រៀង អនុស្សារណៈ និងការយោគយល់គ្នា និងទិសដៅដែលបានដាក់ចេញបន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងវិបុលភាពសម្រាប់ប្រទេសទាំងពីរ។
សូមបញ្ជាក់ថា មកដល់ឆ្នាំ២០២៣នេះ កម្ពុជា និងវៀតណាម មានទំនាក់ទំនងការទូតផ្លូវការជាមួយគ្នារយៈពេល៥៦ឆ្នាំមកហើយ។ រយៈពេល៥៦ឆ្នាំមកនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសភូមិផងទាំងពីរនេះ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។
វៀតណាម បានក្លាយជាប្រទេសសមាជិកអាស៊ានដំបូងគេ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជ្រើសធ្វើដំណើរបំពេញទស្សនកិច្ចជាផ្លូវការ។ ក្នុងជំនួបជាមួយមេដឹកនាំជាន់ខ្ពស់របស់វៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដោយសម្តេចសង្កត់ធ្ងន់ថា នៅតែបន្តរក្សាទំនាក់ទំនងល្អ មិនប្តូរនយោបាយនៃទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តនោះឡើយ៕