សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យផ្សព្វផ្សាយពីសច្ចភាពប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា-វៀតណាម ទៅប្រជាជនទាំងពីរ

(ហាណូយ, វៀតណាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា សច្ចភាពប្រវត្តិសាស្ត្រខ្មែរជួយបង្រួបបង្រួមវៀតណាម និងវៀតណាមជួយកម្ពុជារំដោះប្រទេស​ពីរបប​ប្រល័យ​ពូជសាសន៍ប៉ុលពត មិនអាចក្រុមប្រតិក្រិយាណាមកកែខៃកាឡៃបាននោះឡើយ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះតាមរយៈសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍​ស្វា​គមន៍​ដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសវៀតណាម ដែលរៀបចំដោយលោក ផាម មិញជិញ នា​យក​រដ្ឋ​មន្ត្រី​វៀតណាម នៅយប់ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ក្នុងសុន្ទរកថានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកដល់ការខិតខំរបស់មេដឹកនាំកម្ពុជាជំនាន់មុន រាប់ចាប់ពីសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន ជាមួយមេដឹកនាំ​វៀត​ណាម ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានរំលឹកពីការជួយរបស់កម្ពុជា ក្នុងបុព្វហេតុបង្រួប​បង្រួម​វៀត​ណាម​ខាង​ជើង និងខាងត្បូង នាទសវត្ស៍៦០ និងការជួយរបស់វៀតណាម ក្នុងការរំដោះកម្ពុជាចេញ​ពីរបបប្រល័យ​ពូជ​សាសន៍ប៉ុលពតនាចុងទសវត្សរ៍៧០ និងការបន្តជួយជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍន៍កម្ពុជាឡើងវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បែបនេះ «នេះជាសក្ខីភាពប្រវត្តិសាស្ត្រ ហើយគ្មានកម្លាំងប្រតិក្រិយាណាអាចមកប្រែក្រឡាស់បានឡើយ។ យើងត្រូវអប់រំ និងផ្សព្វផ្សាយឱ្យប្រជាជនយើងទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ បានយល់ដឹងជ្រូតជ្រាបអំពីសច្ចភាពប្រវត្តិសាស្ត្រនេះ ក៏ដូចជាសារសំខាន់ និងគុណតម្លៃនៃទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម»
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចជាផ្លូវការ​នៅ​ប្រទេសវៀតណាម។

វៀតណាម បានក្លាយជាប្រទេសសមាជិកអាស៊ានដំបូងគេ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ជ្រើសធ្វើ​ដំណើរ​បំពេញទស្សនកិច្ចជាផ្លូវការ។ ក្នុងជំនួបជាមួយមេដឹកនាំជាន់ខ្ពស់របស់វៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដោយសម្តេច​សង្កត់ធ្ងន់ថា នៅតែបន្តរក្សាទំនាក់ទំនងល្អ មិនប្តូរនយោបាយនៃទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តនោះ​ឡើយ៕