បណ្ឌិត កៅ គឹមហួន អញ្ជើញចូលរួម ក្នុងពិធីប្រគល់អំណោយពីប្រទេសន័រវែស ជូនលេខាធិការដ្ឋាន អាស៊ាន និងជួបប្រជុំនៅក្នុងកម្មវិធី ចំនួន៥ផ្សេងទៀត


(ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សា ការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បាន អញ្ជើញចូលរួមក្នុងពិធីប្រគល់អំណោយពីប្រទេសន័រវែស ជូនលេខាធិការដ្ឋានអាស៊ាន។

អំណោយដែលលេខាធិការដ្ឋានអាស៊ានទទួលថ្ងៃនេះ សបញ្ជាក់ឲ្យឃើញពីការប្តេជ្ញាចិត្តរបស់ ប្រទេសន័រវែសចំពោះការស្រាវជ្រាវផ្នែកលំហរសមុទ្រ ការចែករំលែកចំណេះដឹង និងបង្កើនការយល់ ដឹងអំពីសារៈសំខាន់នៃមហាសមុទ្រសម្រាប់អនាគតប្រកបដោយចីរភាព។

បន្ទាប់មក ឯកឧត្តម បណ្ឌិត កៅ គឹមហួន បានអនុញ្ញាតឲ្យលោក Hassan Mohtashami តំណាង មូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ ប្រចាំឥណ្ឌូណេស៊ី ចូលជួបសំដែងការគួរសម និង ពិភាក្សាការងារ។

នៅក្នុងឱកាសនោះភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការលើកកម្ពស់គំនិតផ្តួចផ្តើមនានារបស់អាស៊ាន ស្តីពីសមភាពយែនឌ័រ និងការលុបបំបាត់អំពើហិង្សាចំពោះស្ត្រី នៅក្នុងតំបន់ ក៏ដូចជា ការ អភិវឌ្ឍយុវជន។ ភាគីទាំងពីរបានគូសបញ្ជាក់ឡើងវិញអំពីតម្រូវការធ្វើការរួមគ្នា ព្រមទាំងរិះរកវិធី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។

ឯកឧត្តម បណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញប្រគល់ពានរង្វាន់ប្រចាំខែវិច្ឆិកា ដល់បុគ្គលិកឆ្នើមនៅ លេខាធិការដ្ឋានអាស៊ាន។

សូមជម្រាបជូនថា នេះជាជ័យលាភីទី៤ ហើយ ដែលត្រូវបានទទួលពានរង្វាន់ប្រចាំខែ ចាប់តាំង ពីកម្មវិធីនេះ ត្រូវបានផ្តួចផ្តើមដោយលោកបណ្ឌិត កៅ គឹមហួន។ ជ័យលាភីទទួលបានវិញ្ញាបនបត្រ ក៏ដូចជារង្វាន់ពីលោកអគ្គលេខាធិការអាស៊ាន។

នៅរសៀលថ្ងៃដដែល នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូ ណេស៊ី លោក Tomáš Ferko ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋស្លូវ៉ាគីប្រចាំអាស៊ាន បានជូនសារតាំង ដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈរិះរកមធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីបង្កើនកិច្ចសហការ លើវិស័យដែលជាការចាប់អារម្មណ៍ទៅវិញទៅមក រវាងអាស៊ាន និងស្លូវ៉ាគី។

ឯកឧត្តម បណ្ឌិត កៅ គឹមហួន ក៏បានបន្ដជួបពិភាក្សាការងារជាមួយ លោកជំទាវ Deemah AlYahya អគ្គលេខាធិការនៃអង្គការកិច្ចសហប្រតិបត្តិការឌីជីថល (DCO) តាមអនឡាញ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ ធ្វើយ៉ាងណាឲ្យអង្គការទាំងពីរអាចដើរតួនាទី ឈានមុខ ក្នុងការចូលរួមពង្រឹងសេដ្ឋកិច្ចឌីជីថលទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក ព្រមទាំង ពង្រឹងបរិវត្តកម្មឌីជីថលផងដែរ។

ឯកឧត្តម បណ្ឌិត កៅ គឹមហួន ក៏បានបន្ដទទួលជួបគណៈប្រតិភូពីក្រសួងការបរទេស នៃព្រះរាជាណាចក្របារ៉ែន។

នៅក្នុងឱកាសនោះភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់រកវិធីសាស្ត្រដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងបារ៉ែន ឲ្យកើនឡើងមួយកម្រិតថែមទៀត៕