អ៊ីរ៉ង់និយាយថា ខ្លួនបានបាញ់បង្ហោះយាន្តអាវកាសដឹកសត្វចូលទៅក្នុងគន្លង ដើម្បីត្រៀមសម្រាប់ បេសកកម្មមនុស្ស


(តេហេរ៉ង់)៖  តាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២៣​ បញ្ជាក់ថា អ៊ីរ៉ង់បានប្រកាសឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានបញ្ជូនយាន្តអាវកាស មួយដែលដឹកសត្វចូលទៅក្នុងគន្លង ខណៈដែលខ្លួនកំពុងត្រៀមរៀបចំ សម្រាប់បេសកកម្មដឹក មនុស្សនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។

របាយការណ៍របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានដកស្រង់សម្តីរដ្ឋមន្ត្រីទូរគមនាគមន៍ លោក Isa Zarepour ដោយនិយាយថា យាន្តអាវកាសនេះត្រូវបានបាញ់បង្ហោះក្នុងរយៈចម្ងាយ ១៣០ គីឡូម៉ែត្រ ( ៨០ ម៉ាយ) ចូលទៅក្នុងគន្លង។

លោក Zarepour បានគូសបញ្ជាក់ទៀតថា ការបាញ់បង្ហោះយានអវកាសទម្ងន់ ៥០០ គីឡូក្រាម នេះ មានគោលបំណងបញ្ជូនអវកាសយានិកអ៊ីរ៉ង់ ទៅកាន់ទីអវកាសក្នុងប៉ុន្មានឆ្នាំខាងមុខ។ ប៉ុន្តែលោក​មិន​បាន​បញ្ជាក់​ថា តើ​សត្វ​ប្រភេទ​ណា​នៅ​ក្នុង​យាន្តអាវកាស​នោះ​ទេ។ ទូរទស្សន៍​រដ្ឋ​បាន​បង្ហាញ​វីដេអូ​ នៃ​គ្រាប់​រ៉ុក្កែត​ឈ្មោះ Salman ជាអ្នក​ដឹក​យាន្តអាវកាសខាងលើ​ចូល​ទៅ​ក្នុង​លំហ។

អ៊ីរ៉ង់ ម្តងម្កាលបានប្រកាសពីការជោគជ័យ នៃការបាញ់បង្ហោះផ្កាយរណប និងយានអវកាសផ្សេង ទៀតរបស់ខ្លួន។ ជាក់ស្តែងដូចជាកាលពីខែកញ្ញា អ៊ីរ៉ង់បាននិយាយថា ខ្លួនបានបាញ់បង្ហោះផ្កាយ រណបប្រមូលទិន្នន័យទៅកាន់ទីអវកាសដោយជោគជ័យ។ ហើយក្នុងឆ្នាំ ២០១៣ អ៊ីរ៉ង់បានឱ្យដឹង ទៀតថា ខ្លួនបានបញ្ជូនសត្វស្វាមួយក្បាលទៅកាន់លំហ ហើយបានត្រឡប់មកវិញដោយជោគជ័យ ផងដែរ៕