(ព្រៃវែង)៖ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ គណៈប្រតិភូក្រសួង ចុះបំពេញបេសកកម្មការងារ នៅទីប្រជុំជនអ្នកលឿង ដោយមានការចូលរួមពី សំណាក់ លោកអនុរដ្ឋលេខាធិការ អ្នកតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ លោកប្រធានមន្ទីរសាធា រណការ និងដឹកជញ្ជូន ខេត្តព្រៃវែង និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធមួយចំនួនផ្សេងទៀត។
បេសកកម្មការងារនេះ ធ្វើឡើងនាពេលកន្លងទៅថ្មីៗនេះ ដើម្បីចុះត្រួតពិនិត្យកិច្ចការប្រគល់-ទទួល អនុគម្រោងសាងសង់ទំនប់ការពារទឹកជំនន់ទីប្រជុំជនអ្នកលឿង នៃគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចក្រុង របៀងខាងត្បូង ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ របស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែល ត្រូវប្រគល់ជូន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង ដើម្បីប្រតិបត្តិការ គ្រប់គ្រង និងថែ ទាំបន្ត។
សូមជម្រាបថា អនុគម្រោងសាងសង់ទំនប់ការពារទឹកជំនន់នេះ ចាប់ផ្តើមសាងសង់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ និងបញ្ចប់នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ដែលកិច្ចសន្យាសាងសង់មាន រយៈពេល ៩០០ថ្ងៃ។ ទំនប់ទឹកប្រវែងសរុបចំនួន ៤,២៩៥មែត្រនេះ មានទទឹងតួខ្នងទំនប់ទំហំ ៦,៣ម៉ែត្រ ក្រាលដោយកៅស៊ូពីរជាន់(DBST) ដែលមានលទ្ធភាពអាចការពារទឹកជំនន់លើផ្ទៃដី ៣៦៥ហិចតា។
ក្នុងនោះ មានបំពាក់ម៉ាស៊ីនបូមទឹកចំនួន ០៤គ្រឿង ដែលក្នុងមួយគ្រឿងៗមានសមត្ថភាព អាចបូម ទឹកបាន ១,៦៧ម៉ែត្រគូប/១វិនាទី។ ដោយឡែក ស្រះសម្រាប់ស្តុកទឹកជំនន់មានទំហំ ១៩៥ម៉ែត្រ x ២៨០ម៉ែត្រ និងជម្រៅ ៥,៥ម៉ែត្រ មានសមត្ថភាពអាចស្តុកទឹកបាន ២៥១ ៤៤៧,៦ម៉ែត្រគូប៕