(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រពកោះពេជ្រ។
ទិវាជនមានពិការភាពអន្តរជាតិត្រូវបានប្រារព្ធឡើង ដើម្បីរំលឹកអំពីការតស៊ូទាមទារសិទ្ធិ ចូលរួមក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ ១.៣ពាន់លាននាក់ នៃប្រជាជននៅលើពិភពលោក ដែលជាជនបាត់បង់កាយសម្បទា ញាណដឹង និងសតិបញ្ញា ហើយតែងតែជួបប្រទះឧបសគ្គរារាំងក្នុងជីវិតរស់នៅប្រចាំថ្ងៃ ចាប់ពីឆ្នាំ១៩៥០ រហូតដល់បច្ចុប្បន្ន សំដៅផ្លាស់ប្ដូរស្ថានភាពរស់នៅរបស់ពួកគាត់ និងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាពដោយផ្តោតសំខាន់លើសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ជនមានពិការភាព ព្រមទាំងការធ្វើបរិយាបន្នពិការភាពទៅគ្រប់សកម្មភាពនិងគ្រប់វិស័យក្នុងសង្គម រួមមាន សកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ សិល្បៈ និងកីឡា។
ដោយឡែកកម្ពុជា ប្រារព្ធទិវាជនមានពិការភាពកម្ពុជាឡើង ដើម្បីរំលឹកអំពីមហាវិនាសកម្ម នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះ រួមមាន ជនមានពិការភាព ស្ត្រីមេម៉ាយ និងកុមារកំព្រា។ មរតកនៃសង្គ្រាម ក៏បានបន្សល់ទុកនូវគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះជាច្រើនរាយប៉ាយ ពាសពេញផ្ទៃប្រទេស ជាពិសេសគ្រាប់បែកចង្កោមមានផ្ទុកសារជាតិគីមី ដែលបានរកឃើញជាច្រើននៅកម្ពុជា។ ក្រៅពីនោះ ប្រជាជនកម្ពុជា ក៏ប្រឈមនឹងភាពរងគ្រោះមួយចំនួនទៀតដែលនាំឱ្យមានពិការភាព ដូចជាគ្រោះថ្នាក់ចរាចរ គ្រោះថ្នាក់ការងារ ពិការភាពពីកំណើត ចាស់ជរា ជំងឺរ៉ាំរ៉ៃ និងមូលហេតុផ្សេងៗទៀត។ ដើម្បីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥
ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ឆ្នាំ២០២៣នេះ ត្រូវរៀបចំឡើងក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌»។
ការរៀបចំទិវានេះ គឺជាការអបអរសាទរចំពោះជោគជ័យថ្មីៗ នៃវិស័យពិការភាពដែលបង្ហាញពីឆន្ទៈដ៏មុះមុត និងយកចិត្តទុកដាក់របស់រដ្ឋាភិបាលនៃប្រទេសនីមួយៗជាប្រទេសហត្ថលេខីនៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព ដើម្បីបន្តលើកស្ទួយសុខុមាលភាព និងលើកកម្ពស់សិទ្ធិជនមានពិការគ្រប់រូបដោយ មិនមានការរើសអើងពណ៌សម្បុរ សាសនា ឋានៈ និង និន្នាការនយោបាយអ្វីឡើយ។
ឆ្នាំ២០២៣នេះ កម្ពុជាបានជ្រើសរើសយកប្រធានបទគន្លឹះមួយ ក្នុងគោលដៅជំរុញឱ្យមានការគិតគូរសមស្រប ដើម្បីសង្គមមួយសម្រាប់យើងទាំងអស់គ្នា ក្នុងឋានៈកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍប៉ុន្តែមានការយកចិត្ត ទុកដាក់ក្នុងយុទ្ធសាស្ត្រនយោបាយយ៉ាងជាក់លាក់ សម្រាប់ការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណា ដើម្បីឈានទៅសម្រេចឱ្យខានតែបាននូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ ពោល គឺការធ្វើឱ្យចេញជារូបរាងផាសុកវត្ថុសម្រាប់ ជនមានពិការភាពតាមលទ្ធភាពដែលអាចធ្វើទៅបាននៅទូទាំងកម្ពុជា ព្រោះផាសុកវត្ថុ គឺជាការបង្កលក្ខណៈ ងាយស្រួលដល់ជនមានពិការភាពចូលរួមគ្រប់សកម្មភាពក្នុងសង្គម ការប្រកួតប្រជែងសមត្ថភាពប្រកបដោយការច្នៃប្រឌិត ស្មើភាព និងតាមតម្រូវការជាក់ស្តែង។
ក្នុងសារលិខិតចូលរួមអបអរទិវាជនមានពិការភាព សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា កម្ពុជា ជាប្រទេសហត្ថលេខី នៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព បាននិងកំពុងអនុវត្តយ៉ាងជាក់ស្ដែងក្នុងការជំរុញការចូលរួមរបស់ជនមានពិការភាពទៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម នយោបាយ តួយ៉ាងឥស្សរជន និងមន្ត្រីរាជការមាន ពិការភាពជាច្រើន ត្រូវបានតែងតាំង ឬផ្ដល់ឋានៈជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាថ្នាក់ដឹកនាំក្នុងជួរក្រសួង ស្ថាប័នរដ្ឋ ប្រកបដោយកិត្តិយស និងសេចក្ដីថ្លៃថ្នូរ។ ទន្ទឹមនេះ ក្រសួង ស្ថាប័នរដ្ឋចំនួន៣៩ មានជនមានពិការភាពចូលបម្រើការងារចំនួន ៣,៧៧៦នាក់ (ស្មើនឹង ២,០៥%) ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៦៩នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២,៣៥១នាក់។ ដោយឡែកវិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានចុះបញ្ជិកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសចំនួន ២៤១នាក់ និងមានជនមានពិការភាពចូលបម្រើការងារចំនួន ៣,៧៥៩នាក់ ស្រ្តីមានពិការភាព ៣,៦៣១នាក់។ សរុបទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនទូទាំងប្រទេសចំនួនជនមានពិការភាព ៧,៥៣៥នាក់កំពុងបម្រើការងារ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសរំលេចដែរថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណ ពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ក្នុងនោះមានជនមានពិការភាពចំនួន ២៨៨,៦៩០នាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្មដោយជនបង្គោលឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផលិតបណ្ណសម្គាល់ជនមានពិការភាពបានចំនួន
២២២,១៤៨បណ្ណ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តខ្ពស់អនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពដែលនឹងត្រូវដាក់ឱ្យអនុវត្តជាបន្តបន្ទាប់នាពេលខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង កាត់បន្ថយហានិភ័យសេដ្ឋកិច្ច អនុវត្តឱ្យបានជាក់លាក់នូវសសរស្ដម្ភទាំងពីរនៃប្រព័ន្ធគាំពារសង្គម គឺប្រព័ន្ធជំនួយសង្គម ដោយឈរលើគោលការណ៍មិនទុកឱ្យជនមានពិការភាពណាម្នាក់រស់នៅឯកោ និងប្រព័ន្ធសន្តិសុខសង្គម ដោយធានាដល់សន្តិសុខប្រាក់ ចំណូលរបស់ប្រជាជន ជាពិសេសជនមានពិការភាព។
ដើម្បីធានាថាជនមានពិការភាពនៅកម្ពុជា ទទួលបានសិទ្ធិសេរីភាព សុខុមាលភាព និងការចូលរួមយ៉ាងពេញលេញប្រកបដោយបរិយាបន្ន សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវការណែនាំមួយចំនួនដូចខាងក្រោម៖
ទី១៖ ត្រូវបង្កើនការធ្វើវិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំង ការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានាថាជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មានឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។
ទី២៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិ ជនពិការ ក្នុងការបន្តពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញ រក្សាបាននូវ ទេពកោសល្យ ភាពច្នៃប្រឌិតរបស់ជនមានពិការភាពដែលជាធនធានមួយដ៏សំខាន់មិនអាចខ្វះបាន ស្របតាមទិសស្លោក «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក»។
ទី៣៖ គ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្តើមកែសម្រួល ឬរៀបចំផាសុកវត្ថុ សម្រាប់ជនមានពិការភាពនៅទីកន្លែងសាធារណៈ និងឯកជននានា ស្របតាមច្បាប់ស្ដីពីកិច្ចលើកកម្ពស់សិទ្ធិជនពិការ និង បទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។
ទី៤៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិ និង សមត្ថភាពឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។
ទី៥៖ ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារនិង លើកកម្ពស់សិទ្ធិជនពិការ។
ទី៦៖ ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធ សារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីមនុស្សគ-ថ្លង់ អាចទទួលព័ត៌មានបានទាន់ពេលវេលា។
ទី៧៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល រួមគ្នាធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាព ឱ្យទទួលបានបណ្ណបើកបរស្របតាម លទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្ត៕