រុស្ស៉ី​ វាយប្រហារលើអ៊ុយក្រែន ដោយប្រើយន្ដហោះដ្រូន ១២គ្រឿង និងមីស៊ីលគ្រូសមួយគ្រាប់

(កៀវ)៖ កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី៣ ខែធ្នូនេះថារុស្ស៉ីបានបាញ់យន្ដហោះដ្រូន១២គ្រឿង និងមីស៊ីលគ្រូសមួយគ្រាប់លើអ៊ុយក្រែន កាលពីយប់ថ្ងៃសៅរ៍ ដោយក្នុងនោះប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់យន្ដហោះដ្រូន១០គ្រឿង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters។

តាមកងទ័ពអាកាសអ៊ុយក្រែន មីស៊ីលគ្រូសរបស់រុស្ស៉ីមិនត្រូវបានស្ទាក់បំផ្លាញនោះទេ ប៉ុន្តែមីស៊ីលនេះក៏មិនបានទៅដល់គោលដៅនោះដែរ។ កងទ័ពអាកាស អ៊ុយក្រែនមិនបានផ្ដល់ព័ត៌មានលម្អិតឡើយ ហើយមិនក៏បានបញ្ជាក់ថាតើមានរឿងអ្វីកើតឡើងចំពោះយន្ដហោះដ្រូន២គ្រឿង ដែលមិនត្រូវបានបាញ់កម្ទេច?
«យន្ដហោះដ្រូន ១០គ្រឿងក្នុងចំណោម១២គ្រឿងត្រូវបានបាញ់កម្ទេច។ នេះជាលទ្ធផលដ៏ល្អដែលយើងបានឃើញជារៀងរាល់ថ្ងៃ»។ នេះជាការលើកឡើង របស់អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន។
គួរបញ្ជាក់ថា តាមកងទ័ពអាកាសអ៊ុយក្រែន យន្ដហោះដ្រូនខាងលើគឺជាប្រភេទយន្ដហោះដ្រូន Shahed ផលិតដោយអ៉ីរ៉ង់ និងមានគោលដៅហោះហើរឆ្ពោះទៅ ភាគពាយព្យរបស់អ៊ុយក្រែន ហើយភាគច្រើនត្រូវបានបាញ់ទម្លាក់ក្នុងតំបន់ Mykolaiv ស្ថិតភាគខាងត្បូងអ៊ុយក្រែន។ ចំណែក រុស្ស៉ីមិនបានធ្វើអត្ថាធិប្បាយអ្វី នៅឡើយទេ៕