ស(កែប)៖ ថ្លែងចេញពីខេត្ដកែប នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការផ្សព្វផ្សាយកម្ពុជា ទៅកាន់ឆាកអន្តរជាតិ គឺជារឿងសំខាន់ណាស់ ដើម្បីទាក់ទាញទេសចរណ៍ មកកាន់ប្រទេសកម្ពុជា។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រកាសបិទ ពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ ដែលបានប្រព្រឹត្តទៅដោយរលូន ក្រោមទិដ្ឋភាពសប្បាយរីករាយកុះករ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារការផ្សព្វផ្សាយ ទេសចរណ៍ច្រើនណាស់ បានមកកម្ពុជា ហើយត្រលប់ទៅវិញ បានផ្សព្វផ្សាយពីមាត់មួយ ទៅមាត់មួយនេះ គឺសំខាន់ណាស់ ឲ្យគាត់ឃើញជាក់ស្ដែង ទុកចិត្ដជាក់ស្ដែង […] នេះជាសក្ដានុពលសំខាន់ លើវិស័យទេសចរណ៍ ដែលយើងត្រូវលើកកម្ពស់ ចំពោះសេដ្ឋកិច្ចជាតិ»។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ឲ្យខិតខំ បង្កើតផលិតផលទេសចរណ៍ឲ្យបានច្រើន ដើម្បីទាក់ទាញអ្នកទេសចរផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទេសចរណ៍មិនត្រឹមតែបង្កើនកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាជន កាន់បន្ថយភាពក្រីក្រនោះទេ ប៉ុន្ដែថែមទាំងផ្សព្វផ្សាយ ទៅដល់ប្រជាពលរដ្ឋ នៅលើពិភពលោកអំពីកម្ពុជា ដែលមានអរិយធម៌ខ្ពង់ខ្ពស់, វប្បធម៌រុងរឿង ប្រវិត្ដយូរអង្វែង និងទាក់ទាញទាំងទេសចរណ៍ ទាំងការវិនិយោគផ្សេងៗថែមទៀតផង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការលើកកម្ពស់កិត្ដិនាមរបស់ជាតិ និងបង្កើតការចាប់អារម្មណ៍ ក៏ដូចជាភាពជឿជាក់ របស់ប្រជាពលរដ្ឋ ជាពិសេសស្ថានភាព ដូចប្រទេសកម្ពុជា ដែលធ្លាប់តែប្រវិត្ដសាស្ដ្រ ជាប្រទេសកើតសង្គ្រាម ជាប្រទេសអស្ថេរភាព ដែលនៅក្រៅប្រទេសភាគច្រើន និយាយអំពីកម្ពុជា គឺភ្ជាប់ជាមួយនឹងសង្គ្រាមនៅវៀតណាម។
បើតាមការបញ្ជាក់ពីលោក សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០២៣នេះ កម្ពុជា ទទួលបានភ្ញៀវអន្ដរជាតិ ប្រមាណ៤.៤លាននាក់ និងទេសចរណ៍ជាតិ ប្រមាណ១២.២លាននាក់ ផ្នែកតាមនិន្នាការនេះ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរអន្ដរជាតិ ប្រមាណ៥.៤លាននាក់ និងទេសចរណ៍ជាតិ ប្រមាណ១៥លាននាក់ សម្រាប់ឆ្នាំ២០២៣នេះ៕