វៀតណាម នឹងស៊ើបអង្កេតលើការងារពាក់ព័ន្ធ នឹងកំណើនឥណទានរបស់ធនាគារកណ្តាល


(ហាណូយ)៖ រដ្ឋាភិបាលវៀតណាមនឹងស៊ើបអង្កេតលើកិច្ចការពាក់ព័ន្ធឹនងកំណើនឥណទានរបស់ធនាគារកណ្តាល បន្ទាប់ពីរដ្ឋាភិបាលបានត្អូញត្អែរថា ឥណទានមានការកើនឡើងយឺតពេក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយដែលចេញផ្សាយដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមកាលពីថ្ងៃសៅរ៍ថា ឧបនាយករដ្ឋមន្ត្រីលោក Le Minh Khai បានស្នើឱ្យទីភ្នាក់ងារអធិការកិច្ចរបស់រដ្ឋាភិបាលធ្វើការស៊ើបអង្កេតករណីនេះ។

កំណើនសេដ្ឋកិច្ចរបស់វៀតណាមភាគច្រើនពឹងផ្អែកលើកំណើនឥណទានដែលគ្រប់គ្រងដោយធនាគាររដ្ឋវៀតណាម (SBV) ដែលជាធនាគារកណ្តាលវៀតណាមដែលជាអ្នកកំណត់ទិសដៅប្រចាំឆ្នាំសម្រាប់ធនាគារនានាដោយមានគោលបំណងគ្រប់គ្រងការផ្តល់ប្រាក់កម្ចី និងគ្រប់គ្រងកំណើនឥណទាន។
ធនាគារកណ្តាលដែលកំណត់ទិសដៅកំណើនឥណទាន ១៤ភាគរយសម្រាប់ប្រព័ន្ធធនាគារនៅឆ្នាំនេះ បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្តល់ប្រាក់កម្ចីមានការកើនឡើងត្រឹមតែ ៨,២១ភាគរយប៉ុណ្ណោះគិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកាធៀបនឹងដំណាច់ឆ្នាំមុន ហើយកំណើនឥណទានមិនមានតុល្យភាពក្នុងចំណោមធនាគារ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីថ្លែងការណ៍មួយផ្សេងទៀតដោយបានឱ្យដឹងថា លោក Khai បានប្រាប់ធនាគារកណ្តាលវៀតណាមនៅក្នុងកិច្ចប្រជុំមួយនៅសប្តាហ៍មុនថា កំណើនឥណទានមានកម្រិតទាបពេក ដោយបានណែនាំធនាគារកណ្តាលឱ្យពិនិត្យឡើងវិញនូវសកម្មភាពផ្តល់ប្រាក់កម្ចីរបស់ធនាគារពាណិជ្ជនីមួយៗ។
សេចក្តីថ្លែងការណ៍ដដែលនេះបានឱ្យដឹងថា ធនាគារកណ្តាលបានឱ្យដឹងថា កំណើនឥណទានមានកម្រិតទាបដោយសារតែ «សេដ្ឋកិច្ចនៅតែប្រឈមមុខនឹងការលំបាកជាមួយនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចយឺត ហើយដូច្នេះតម្រូវការប្រាក់កម្ចីមានភាពទន់ខ្សោយ»