ទាហានឥណ្ឌា ៥នាក់ និងសកម្មប្រយុទ្ធ ២នាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នានៅតំបន់កាស្មៀរ


 (កាស្មៀរ)៖  តាមមន្ត្រីទានហានម្នាក់បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ ទី២៣ វិច្ឆិកានេះ ចុះ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP បានបញ្ជាក់ថា ទាហាន ៥នាក់ និងក្រុមឧទ្ទាមដែល សង្ស័យ ២នាក់ត្រូវបានសម្លាប់ នៅក្នុងតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌា អំឡុងពេលការ បាញ់ប្រហារនៅតំបន់ភ្នំហិមាល័យដែលមានជម្លោះ អង្គភាពចំនួន ១៦ របស់កងទ័ព បាននិយាយ នៅក្នុងការបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ការប្រយុទ្ធដ៏ខ្លាំងក្លាមួយ» បានផ្ទុះឡើង កាលពីថ្ងៃពុធ បន្ទាប់ពីកងទ័ពបានដេញតាមក្រុមសកម្មប្រយុទ្ធចូលទៅក្នុងព្រៃ Calakot ដ៏ក្រាស់ នៃភាគខាងត្បូងតំបន់កាស្មៀរ ។

មន្ត្រី​កងទ័ព​ម្នាក់​ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា​ការ​ប្រយុទ្ធ​គ្នា​បាន​បណ្តាល​ឱ្យ​ទាហាន​ ៥​នាក់​ស្លាប់​ ក្នុង​នោះ​មាន​កង​កម្មង់ដូរ​ពិសេស​ពីរ​នាក់ និង​ទាហាន​ម្នាក់​ទៀត​រង​របួស។ទោះយ៉ាងណា យោធា​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត ​អំពី​ចំនួន​ក្រុម​ឧទ្ទាម​ដែល​សង្ស័យ​ពាក់ព័ន្ធ​នោះ​ទេ។

សូមបញ្ជាក់ថា តំបន់កាស្មៀរត្រូវបានបែងចែកជាពីររវាងឥណ្ឌា និងប៉ាគីស្ថាន ចាប់តាំងពីឯករាជ្យ របស់ពួកគេនៅឆ្នាំ ១៩៤៧ ដោយម្នាក់ៗទាមទារតំបន់ខ្ពង់រាបនេះទាំងមូល ប៉ុន្តែគ្រប់គ្រងផ្នែកដាច់ ដោយឡែកពីគ្នា។ ក្រុមឧទ្ទាមបានធ្វើសកម្មភាពបះបោរនៅតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយ ឥណ្ឌាចាប់តាំងពីឆ្នាំ ១៩៨៩ ដោយទាមទារឯករាជ្យ ឬការរួមបញ្ចូលគ្នាជាមួយប៉ាគីស្ថាន។ ជម្លោះ​នេះ​បាន​បណ្តាល​ឲ្យ​ជនស៊ីវិល ទាហាន និង​សកម្មប្រយុទ្ធ​រាប់ម៉ឺន​នាក់​ស្លាប់។

ឥណ្ឌាបានស្តីបន្ទោសប៉ាគីស្ថាន ចំពោះការគាំទ្រពួកសកម្មប្រយុទ្ធ ដែលទីក្រុងអ៊ីស្លាម៉ាបាតបដិសេធ ដោយនិយាយថា ខ្លួនគ្រាន់តែគាំទ្រការតស៊ូរបស់ប្រជាជនកាស្មៀរ សម្រាប់សិទ្ធិសម្រេចដោយខ្លួន ឯងប៉ុណ្ណោះ។

កំហឹងបានកំពុងឆាបឆេះនៅក្នុងតំបន់ដែលគ្រប់គ្រងដោយឥណ្ឌា ចាប់តាំងពីរដ្ឋាភិបាលរបស់ នាយករដ្ឋមន្ត្រី លោក Narendra Modi បានលុបចោលឯករាជ្យភាពរដ្ឋធម្មនុញ្ញរបស់តំបន់នេះក្នុង ឆ្នាំ ២០១៩ និងបានដាក់ការគ្រប់គ្រងដោយផ្ទាល់។

អាជ្ញាធរឥណ្ឌាបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១១៨ នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះ ក្នុងឆ្នាំនេះ ក្នុងនោះរួមទាំងជនស៊ីវិល ១១ នាក់ កងកម្លាំងសន្តិសុខ ២៧ នាក់ និងក្រុមឧទ្ទាមដែល សង្ស័យ ៨០ នាក់ផងដែរ៕