(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបជា មួយថ្នាក់ដឹកនាំក្រុមហ៊ុនផលិតកង់ XDS Bicycle ដើម្បីផ្តល់កិច្ចអន្តរាគមន៍នានា ជួយឱ្យច្រវាក់ ផលិតកម្មរបស់ក្រុមហ៊ុនកាន់តែល្អប្រសើរ។
ក្នុងខែតុលា និងវិច្ឆិកា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបថ្នាក់ដឹកនាំក្រុមហ៊ុន នេះចំនួន៣លើកហើយ។ មួយលើកធ្វើឡើងនៅទីតាំងក្រុមហ៊ុនធំក្នុងប្រទេសចិន និងពីរលើកជួប នៅកម្ពុជា។
ក្នុងជំនួបជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. បានស្នើសុំឱ្យមានការសម្របសម្រួលពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ លើគោលបំណងដែលក្រុមហ៊ុនចង់បញ្ជូនបុគ្គលិកជំនាញពីកម្ពុជាទៅទទួលវគ្គបណ្ដុះខ្លី នៅទីស្នាក់ ការកណ្តាលរបស់ក្រុមហ៊ុន ក្នុងទីក្រុងសិនជិន ប្រទេសចិន។ លោកស្រី ក៏បានស្នើសុំកិច្ចអន្តរាគមន៍ លើបញ្ហាមួយចំនួនទៀត ពាក់ព័ន្ធការវិនិយោគរបស់ខ្លួន។
ក្នុងជំនួបនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនក្រុមហ៊ុនអំពីកិច្ចខិតខំ ប្រឹងប្រែង និងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសម្របសម្រួលដោះ ស្រាយបញ្ហាប្រឈមនានា ដែលវិនិយោគិនបានជួបប្រទះ សំដៅធ្វើយ៉ាងណារក្សាឱ្យបានសកម្មភាព វិនិយោគដែលមានស្រាប់ និងជំរុញឱ្យក្រុមហ៊ុនអាចពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនបន្ថែមនៅ កម្ពុជា។
ក្រុមហ៊ុនផលិតកង់ XDS បានចាប់ផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាតាំងពីឆ្នាំ២០១៩ លើការ ដំឡើង និងនាំចេញប្រភេទកង់ផ្សេងគ្នាទៅកាន់ទីផ្សារសំខាន់ៗរួមមានសហរដ្ឋអាមេរិក និងសហ ភាពអ៊ឺរ៉ុបជាដើម។ ក្រុមហ៊ុននេះមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ក្នុងខេត្តស្វាយរៀង ដែលមានទុនវិនិយោគប្រមាណ ១៩លានដុល្លារ និងបានបង្កើតការងារជូនប្រជា ពលរដ្ឋប្រមាណ ១.៦០០កន្លែង។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានបង្ហាញបំណងរៀបចំព្រឹត្តិការណ៍ជិះកង់នៅ ខេត្តសៀមរាប ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយផលិតផលកង់របស់ក្រុមហ៊ុន៕