(ភ្នំពេញ)៖ ព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឧបនាយករដ្ឋ មន្រ្តី វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ក្រុមប្រឹក្សាអ្នកច្បាប់ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង ព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូល រួមពីសំណាក់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងមកពីក្រសួងស្ថាប័ននានា។
កិច្ចប្រជុំអន្តរក្រសួងបានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការ ប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមាន ៨ ជំពូក និង ២៤ មាត្រា ដែលរៀបចំដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះតំណាង ក្រសួងស្ថាប័ននានា ដែលបានរួមចូលលើកិច្ចពិភាក្សា និងបានផ្ដល់ជាមតិល្អៗ ដើម្បីឲ្យសេចក្តី ព្រាងព្រះរាជក្រឹត្យនេះ កាន់តែមានគុណភាព ប្រសិទ្ធភាព និងសង្គតិភាព ព្រមទាំងអាចឆ្លើយតប បាន ទៅ នឹងសំណូមពរការងារ ដើម្បីជំរុញការទាក់ទាញ និងលើកកម្ពស់ការវិនិយោគ សំដៅ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
គួរបញ្ជាក់ដែរថា យោងតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យប្រើ ដោយព្រះរាជក្រមលេខ នស/រកម/២០២១/០១៤ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (ក.អ.ក) ជាស្ថាប័នប្រតិបត្តិបំពេញមុខងារជាសេនាធិការ និងជាច្រកចេញចូលតែ មួយរបស់រាជរដ្ឋាភិបាលលើបេសកកម្មដឹកនាំ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការ វិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស៕