(កោះកុង)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដឹកនាំគណ:ប្រតិភូក្រសួង ចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ ព្រមទាំងក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture និងមន្ត្រី បច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។
គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិ លេខ៤៨ សម្រេចការសាងសង់បាន ៣៨,២៦% ហើយ ដោយគ្រោងនឹងបញ្ចប់ឱ្យរួចរាល់ នៅចុង ខែមេសា ឆ្នាំ២០២៥ខាងមុខ។
ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូបានចុះត្រួតពិនិត្យបច្ចេកទេសក្នុងការសាងសង់ នៅតាម ទីតាំងមួយចំនួន ដើម្បីធានាថាក្រុមហ៊ុនអនុវត្តត្រឹមត្រូវតាមបទដ្ឋានដែលបានកំណត់ មិនមានភាព ចន្លោះប្រហោង សំដៅធ្វើឱ្យខ្សែផ្លូវនេះមានគុណភាព អាចប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះ គណៈប្រតិភូក៏បានចុះពិនិត្យទីតាំងផលិតបេតុងកៅស៊ូ AC សម្រាប់ស្រោចក្រាលផ្លូវផងដែរ៕