អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកទឹកចិត្តដល់អាណាព្យាបាល ដែលមានកូនចៅប្រើប្រាស់គ្រឿងញៀនកម្រិតស្រាលមកបន្សាបព្យាបាល នៅតាមមណ្ឌលសុខ ភាព ឬមន្ទីរពេទ្យបង្អែកខេត្ត

កោះកុង÷ អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំរុញឲ្យអាជ្ញា ធរថ្នាក់ក្រោមជាតិ និងគ្រប់ស្ថាប័នពាក់ ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់ ទៅលើការប្រើប្រាស់ និងចែកចាយជួញដូរគ្រឿង ញៀននៅក្នុងមូលដ្ឋាន សហគមន៍ ដែលប៉ះពាល់ដល់បុគ្គល ក្រុមគ្រួសារ នៅបន្តកើតមាន ដែលជាការរំខាន បង្កក្តីកង្វល់ពីសំណាក់ប្រជាពលរដ្ឋ។ អាជ្ញាធរមូលដ្ឋាន និងត្រូវដឹង និងរាយការណ៍ចំនួនអ្នកដែលប្រើប្រាស់គ្រឿងញៀន។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំសម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកោះកុង នាយឧត្តមសេនីយ៍ឯក នាក់ យុទ្ទា អគ្គ លេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះថា ក្នុងកិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ និងលើកទី២ ស្ដីពីការបន្ថែមសមត្ថភាពអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃរាជរដ្ឋាភិបាលរាជ្យកាលទី ៧ នៃរដ្ឋសភា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការណែនាំនិងដាក់ចេញនៅកញ្ចប់ការងារសំខាន់ៗចំនួន ៧សម្រាប់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់សមាជិកអាជ្ញាធរជាតិ និងរាជធានីខេត្តទាំងអស់យកមកអនុវត្ត។

ជាមួយគ្នាក្នុងឱកាសនោះដែរ នាយឧត្តម សេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកទឹកចិត្តដល់អាណាព្យាបាលដែលមានកូនចៅប្រើប្រាស់គ្រឿងញៀនកម្រិតស្រាលមកបន្សាបព្យាបាលនៅតាមមណ្ឌលសុខភាព ឬនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

មានប្រសាសន៍លើកឡើងក្នុងកិច្ចប្រជុំនោះដែរ លោកបណ្ឌិត សំ ឃិតវៀន បានលើកឡើងថា ស្ថានការណ៍បទល្មើសគ្រឿងញៀន នៅក្នុងភូមិសាស្ត្រខេត្តកោះ កុង នៅតែបន្តកើតមានដែលគួរឲ្យព្រួយ បារម្ភ ក្នុងការលួចលាក់ កែច្នៃ និងវេចខ្ចប់គ្រឿងញៀនតាមរូបភាពផ្សេងៗ ការចរា ចរណ៍ ជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន។ ក្នុងរយៈពេលចុងក្រោយនេះ ស្ថានភាពគ្រឿងញៀននៅតែមានការវិវត្តន៍ប្រែប្រួលយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។

លោកបណ្ឌិត សំ ឃិតវៀន បានបញ្ជាក់ថា ប្រភេទគ្រឿងញៀនដែលបានបង្ក្រាប និងប្រើប្រាស់ ភាគច្រើនគឺជាប្រភេទ ICE មិនមែនប្រភេទគ្រាប់ដូចមុន មានការផ្លាស់ប្ដូរពីវត្តមាន ប្រភេទគ្រាប់ ទៅជាការកើនឡើងនៅវត្តមានប្រភេទ ICE នេះគឺជាសញ្ញានៃការបង្កគ្រោះថ្នាក់ កាន់តែធ្ងន់ធ្ងរសម្រាប់អ្នកប្រើមុនឆ្នាំ ២០១៥។ ប៉ុន្តែ ករណីចែកចាយ លក់ដូរតូចតាច និងការប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋានភូមិ.ឃុំ.សង្កាត់មួយចំនួនក្នុងខេត្តនៅតែជាការរំខាន ជាក្តីព្រួយបារម្ភយ៉ាងខ្លាំងរបស់ប្រជាពលរដ្ឋ ដែលយើងត្រូវតែបន្តគិតគូរ យកចិត្តទុកដាក់ និងវិធានការសមស្របបន្ថែមទៀត ឲ្យបានទាន់ពេលវេលា ដូចដែលយើងបានអនុវត្ត មាន ប្រសិទ្ធភាព នៅក្នុងផែនការយុទ្ធនាការ
លើកទី៧ក្នុងឆ្នាំ២០២២ កន្លងមកនេះ៕ដោយ សេន ពិសិដ្ឋ