តុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន មេខ្លោងបាញ់បោះសេរីនៅលើខ្នងភ្នំគិរីរម្យ

កំពង់ស្ពឺ៖ថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៣នេះតុលាការខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមេខ្លោង ដែលបានបាញ់បោះអនាធិបតេយ្យនៅផ្ទះលម្ហែលើខ្នងភ្នំគិរីរម្យ កាលពីកាលពីថ្ងៃទី១១ ខែវិច្ឆិកាពេលកន្លងទៅ។

មន្ត្រីសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ដីកាចេញដោយលោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ជាឱ្យចាប់ខ្លួនឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុ៣២ឆ្នាំ។ការចេញដីការចាប់ខ្លួននេះ ធ្វើឡើងដោយចោទប្រកាន់ពីបទ “ប្រើប្រាស់អាវុធគ្រឿងផ្ទុះនិងគ្រាប់រំសែវដោយគ្មានការអនុញ្ញាត” ករណីនេះប្រព្រឹត្តនៅចម្ការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រភពដដែលបានបន្តថា ពាក់ព័ន្ធការបាញ់បោះសេរីនេះ មានមនុស្សចំនួន៤នាក់ត្រូវបានចៅក្រមស៊ើបសួរ បានដាក់គុកជាបណ្ដោះអាសន្ន។ ការឃុំខ្លួននេះក្រោយតំណាងអយ្យការបានចោទប្រកាន់មនុស្ស៤នាក់ពីបទ “ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសែវគ្មានការអនុញ្ញាត”តាមបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទះ និងគ្រាប់រំសេវ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យបណ្តេញចេញមន្ត្រីនគរបាលចំនួន៤រូប ដែលពាក់ព័ន្ធការបាញ់បោះ បន្ទាប់ពីទទួលរបាយការណ៍ ពីនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ។ មេខ្លោងឈ្មោះ កង តារាវិឆៃ ត្រូវបានលោក សេង រិទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ចាប់ខ្លួនយកមកអនុវត្តតាមច្បាប់៕